(ភ្នំពេញ)៖ ជាការកត់សម្គាល់ អ្នកនាង រ័ត្ន រចនា ដែលគ្រប់គ្នាដាក់រហស្សនាមថា «មេម៉ាយ សប្បាយចិត្ត» សព្វថ្ងៃកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង លើបណ្តាញសង្គម តាមរយៈការបកស្រាយចម្រៀង ដែលមានចំណងជើងថា «មេម៉ាយ សប្បាយចិត្ត»។ តាមរយៈប្រជាប្រិយភាពពេលនេះ បានធ្វើឱ្យជីវិតរបស់អ្នកនាង រ័ត្ន រចនា មានការផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈបច្ចុប្បន្នកំពុងត្រៀមខ្លួន ទៅសម្តែងនៅប្រទេសកូរ៉េទៀតផង ដោយមានការចាប់ដៃគូនជាមួយតារាប្រុស លោក សាន ផានិត។

ក្រៅពីទីផ្សារហាក់មានសន្ទុះខ្លាំង តើជីវិតរបស់ តារាស្រីរូបនេះ មានការផ្លាស់ប្តូរអ្វីខ្លះ? អ្នកនាង នឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ តាមរយៈការចូលរួមជាតារាកិតិ្តយស។

ពិតណាស់ អ្នកនាង រ័ត្ន រចនា បានចូលប្រឡូកក្នុងវិស័ងសិល្បៈ អស់រយៈពេល ២០ឆ្នាំមកហើយ ប៉ុន្តែប្រជាប្រិយភាពរបស់អ្នកនាង ហាក់មានសន្ទុះខ្លាំង មួយរយៈចុងក្រោយមកនេះ តាមរយៈការបកស្រាយបទចម្រៀង «មេម៉ាយ សប្បាយចិត្ត» ដែលជាចម្រៀងមរតកដើម។ តាមរយៈបទនេះ អ្នកនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។ កត្តាទាំងនេះ ធ្វើឱ្យ រ័ត្ន រចនា មិនត្រឹមតែមានឱកាសចេញទៅប្រទេសកូរ៉េនោះទេ ថែមទាំងមានគម្រោង ចេញទៅប្រទេសបារាំង និង ប្រទេសអូស្រា្ដលី ផងដែរ។

ដូច្នេះ ចង់ដឹងថាអ្នកនាង រ័ត្ន រចនា នឹងបកស្រាយអ្វីខ្លះ ពីជីវិតក្នុងវិស័យសិល្បៈ សូមរង់ចាំតាមដានទស្សនា កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងដដែល៕