(ហុងកុង)៖ MAMA ឬ «Mnet Asian Music Awards» គឺជាព្រឹត្តិការណ៍ដ៏ធំមហាសាល ដែលគេតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីតារា K-Pop បែបយុវវ័យ ដ៏ល្បីល្បាញជាច្រើនក្រុម រួមទាំងតារាសម្ដែងដ៏ល្បីល្បាញជាច្រើនរូប របស់ប្រទេសកូរ៉េ ហុងកុង ជាដើម។ នៅចុងឆ្នាំ ២០១៨ នេះ MAMA បានធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨ ធ្វើនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និង ថ្ងៃចុងក្រោយ ធ្វើឡើងនៅទីក្រុងហុងកុង។

ក្នុងនោះ MAMA ឆ្នាំ ២០១៨ ដែលធ្វើប្រទេសកូរ៉េ បានរៀបចំឡើងដើម្បីសាទរ និង​ ផ្ដល់កិត្តិយសដល់តារាថ្មី នៅប្រទេសកូរ៉េខាងត្បូង និងតារាមួយចំនួនទៀត នៅក្នុងតំបន់អាស៊ី។ ចំណែកឯ MAMA Fans 'Choice នៅប្រទេសជប៉ុន បានប្រគល់ពានរង្វាន់ដល់សិល្បករ ដែលត្រូវបានឈ្នះសារ សម្លេងឆ្នោត (Vote) ដោយអ្នកគាំទ្រ។ ជាមួយគ្នានេះផងដែរ ចំពោះ នៅទីក្រុងហុងកុង គឺជាព្រឹត្តិការណ៍សំខាន់ និងចុងក្រោយរបស់កម្មវិធី។

កម្មវិធីនេះ បានផ្តល់រង្វាន់ដល់សិល្បករ សិល្បការិនី តារាចម្រៀង និង តារាសម្ដែង K-Pop ដែលបានសាងសមិទ្ធផលនិងស្នាដៃ ដ៏អស្ចារ្យនៅក្នុងឆ្នាំ២០១៨។

នេះគឺជាលើកទី១០ ហើយ ដែលកម្មវិធី MAMA បាន​ធ្វើមហោស្រពតន្ត្រីពិភពលោកលំដាប់អន្ដរជាតិ ដោយបាននាំអ្នកគាំទ្រមកទស្សនានូវការសម្ដែងដ៏អស្ចារ្យរបស់ តារា K-pop។

ជាមួយគ្នានេះផងដែរ អ្នកគាំទ្រក៏ដូចជាមហាជនទាំងនៅអាស៊ី និងអឺរ៉ុប ក៏បានចូលរួមទស្សនាការប្រគំតន្រ្ដីដ៏មហាសាលមួយនេះ ជាពិសេសគឺយុវវវ័យតែម្ដង៕