(ភ្នំពេញ)៖​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសរៀបចំកម្មវិធីជិះកង់កម្សាន្ដទ្រង់ទ្រាយធំមួយ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធផ្លូវការ នៃវិមានឈ្នះឈ្នះ ស្របពេលកម្មវិធីនេះ អនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ចូលរួមដោយសេរី ដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ។

ស្ថាប័នកីឡាកំពូលខាងលើ បានបញ្ជាក់ថា «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមជូនដំណឹងដល់ឯកឧត្តម ថា្នក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមជិះកង់កម្សាន្ត ឆ្ពោះទៅវិមានឈ្នះឈ្នះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ តំបន់អភិវឌ្ឍលីយ៉ុងផាត់ នាថ្ងៃទី២៨ ខែធ្នូ ២០១៨ តាមកម្មវិធី៖ ទី១-ជួបជុំគ្នា នៅពហុកីឡដ្ឋានអូឡាំពិក (ស្ដាតអូឡាំពិក) ម៉ោង ៥៖១៥នាទីព្រឹក ទី២-ចេញដំណើរ ម៉ោង ៦៖០០នាទីព្រឹក ឆ្ពោះទៅវិមានឈ្នះឈ្នះ ទី៣-ជិះកង់លើផ្លូវចម្ងាយប្រមាណ ២០គីឡូម៉ែទ្រ(អាចចូលរួមបានគ្រប់ប្រភេទកង់)»

តាមរយៈកម្មវិធីនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសង្ឃឹមយ៉ាងមុតមាំថា សម្ដេច ឯកឧត្តម លោកជំទាវ នឹងចូលរួមឲ្យបានច្រើនកុះករ ដើម្បីចូលរួមអបអរសាទរពពិធីសម្ពោធវិមានឈ្នះឈ្នះ ដែលគ្រោងប្រារព្ធពិធីសម្ពោធផ្លូវការ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃខួបលើកទី ២០ឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយឈ្នះឈ្នះ (ឆ្នាំ១៩៩៨-២០១៨) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះកុំភ្លេចត្រៀមកង់ ដើម្បីជិះកម្សាន្ដ ខណៈការចូលរួមមិនមានការចុះឈ្មោះ ឬបង់ប្រាក់ឡើយ៕