(ប៉ារីស)៖ Kylian Mbappe បានដាក់លក្ខខណ្ឌ ២យ៉ាងទៅក្លឹបយក្សអេស្ប៉ាញ Real Madrid ដែលកំពុងតែស្វែងរកកីឡាករឆ្នើមមកពង្រឹងតំបន់ប្រយុទ្ធ គ្រាដែលកីឡាករឆ្នើមវ័យក្មេងម្នាក់ក្នុងចំណោមតារាបាល់ទាត់ ២រូបរបស់ក្លឹប Paris Saint-Germain គឺ Neymar និង Kylian Mbappe អាចនឹងផ្ទេរទៅលេងនៅទឹកដី Santiago Bernabeu ខណៈ PSG កំពុងជូបបញ្ហាហិរញ្ញវត្ថុ។

ក្នុងសេចក្ដីរាយការណ៍របស់សារព័ត៌មានអេស្ប៉ាញមួយឈ្មោះ Don Balon បានលើកឡើងថា Mbappe បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ទេរទៅលេងនៅ Real Madrid ប៉ុន្តែគេមានលក្ខខណ្ឌចំនួន ២យ៉ាងដោយក្នុងលក្ខខណ្ឌទី១ កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ ចង់ឲ្យក្លឹបនេះលក់កីឡាកររួមសញ្ជាតិ Karim Benzema ចេញព្រោះរូបគេជឿថាវត្តមានរបស់ Benzema អាចរាំងស្ទះឱកាសរបស់គេក្នុងការនាំមុខនៅក្នុងតំបន់ប្រយុទ្ធ។

រីឯលក្ខខណ្ឌទី២ ទាក់ទងក្នុងការទាមទារថ្លៃខ្ពស់នោះ កីឡាកររូបនេះចង់ក្លាយជាកីឡាករដែលមានប្រាក់ថ្លៃពលកម្មខ្ពស់បំផុតក្នុងពិភពលោក មានន័យថា គេចង់បានថ្លៃពលកម្មខ្ពស់ជាងកីឡាករ Lionel Messi នៅក្លឹប Barcelona ដែលទទួលបាន ៥០ម៉ឺនផោនក្នុង១សប្ដាហ៍ ខណៈ Mbappe មានសេចក្ដីរាយការណ៍ថា ទទួលបាន ៣២ម៉ឺនផោនក្នុង១សប្ដាហ៍នៅ PSG។

ដោយសារក្លឹប PSG មានភាពចាំបាច់ត្រូវលក់កីឡាករមានតម្លៃថ្លៃណាម្នាក់ ដើម្បីស្របតាមគោលការណ៍របស់សហ ព័ន្ធកីឡា Financial Fair Play៕