(ថៃ)៖ Yui Chiranan ដែលត្រូវបានគេដឹងថា ជាតារាសម្តែងស្រីរូបស្រស់ និងមានភាពល្បីល្បាញក្នុងវិស័យសិល្បៈថៃ បានបង្ហាញពីគម្រោងរបស់ខ្លួនក្នុងបទសម្ភាសន៍មួយថា នាងនិងស្វាមីមានគម្រោងយកកូន បន្ទាប់ពីរៀបការហើយមួយឆ្នាំ។ ជាមួយនឹងដំណឹងនេះ បានធ្វើឱ្យទស្សនិកជនជាច្រើន មានការរំភើបចិត្តជំនួស គូស្នេហ៍ថ្មីថ្មោងមួយគូនេះ។

ជាការពិតណាស់ តារាស្រី Yui Chiranan នឹងរៀបការជាមួយស្វាមីរូបសង្ហា លោក Thun Tanakorn នៅថ្ងៃទី ១១ ខែមករា ដើមឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្ត Saraburi បន្ទាប់ពីអ្នកទាំងពីរ បានទាក់ទងគ្នាជិត ៨ឆ្នាំមកនោះ។ លើសពីនេះ ក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរ ក៏ត្រូវបានគេដឹងថា​ នឹងមានភ្ញៀវកិត្តិយសចូលរួមមិនក្រោយ ១ពាន់នាក់នោះទេ។

ថ្លែងក្នុងបទសម្ភាសន៍មួយ ទាក់ទងទៅនឹងគម្រោងរបស់នាង ក្រោយរៀបការ តារាស្រី Yui Chiranan បាននិយាយថា «ខ្ញុំត្រូវតែបំពេញការងាររបស់ខ្ញុំ ឱ្យរួចរាល់ជាមុនសិន មុននឹងយកបុត្រ ដោយសារខ្ញុំបានទទួលកម្មវិធីទូរទស្សន៍រួចហើយ»។ នាងថា «ពេលដែលខ្ញុំទទួលកម្មវិធីគេ ខ្ញុំនឹងពិបាកណាស់ក្នុងការមានបុត្រ ប៉ុន្តែខ្ញុំរំពឹងថា មួយឆ្នាំខាងមុខទៀត ខ្ញុំនឹងមានបុត្រ ហើយខ្ញុំត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យ។ ស្វាមីរបស់ខ្ញុំចង់បានកូនប្រុស តែខ្ញុំចង់បានកូនស្រី»

ទោះបែបណាក្តី តែសម្រាប់អ្នកគាំទ្ររបស់តារាស្រីរូបនេះ ពិតជាចង់ឱ្យនាងនឹងស្វាមីសម្រេចបំណងដ៏ធំមួយនេះជាខ្លាំង។ លើសពីនេះ ពួកគេបានជូនពរឱ្យគូស្នេហ៍មួយគូនេះ ស្រឡាញ់គ្នា ដោយមានសុភមង្គលទៀតផង៕