(ភ្នំពេញ)៖ ខណៈកំពុងបង្ហាញខ្លួនលើឆាកអន្តរជាតិ យ៉ាងអស្ចារ្យ ប្រកបដោយភាពជឿជាក់ ក្នុងវគ្គប្រកួតបឋមកាលពីពេលថ្មីៗនេះ កញ្ញា រឿង ស៊ីណាត់ បានធ្វើឱ្យប្រជាជនខ្មែរគ្រប់រូបមាន មោទនភាពយ៉ាងខ្លាំងចំពោះរូបនាង។ លើសពីនេះ ចំពោះកញ្ញា ផ្ទាល់បានសម្តែងនូវការដឹងគុណ តាមរយៈសារថ្លែងអំណរគុណ ដល់អ្នកគាំទ្រគ្រប់រូប ដែលមានលើកទឹកចិត្តនាង ក្នុងការប្រកួតកម្មវិធី លំដាប់ពិភពលោកមួយនេះ។ ក្នុងនោះកញ្ញា បាននិយាយថា «នេះគឺជាពេលវេលា ដែលមានមោទនភាពសម្រាប់យើងទាំងអស់គ្នា ហើយនាងខ្ញុំ នឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ» ខណៈសារទាំងនេះ បានភ្ជាប់មកជាមួយនឹងរូបថតជាច្រើនសន្លឹក របស់កញ្ញា ក្នុងគ្រាអតីតកាល។

ជាក់ស្តែង តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ «Miss Universe Cambodia» បានបង្ហោះរូបកញ្ញា រឿន ស៊ីណាតពីកុមារភាពរហូតដល់ឆ្នាំ២០១៨ ដោយភ្ជាប់ជាមួយនឹងសារថា « ពីចំនុចចាប់ផ្តើមរហូតដល់វេលានៃមោទនភាព។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ រឿន ណាត បានបង្ហាញសម្មត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ក្នុងអំឡុងពេលនៃការប្រកួតបឋមកាលពីម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ ដែលជាឱកាសដ៏គួរឱ្យកោតសរសើរមួយទៀត សម្រាប់នាំក្រុមគ្រួសារ និង ក្រុមការងារ របស់នារីវ័យ ២២ ឆ្នាំមកពីខេត្តកំពង់ចាមរូបនេះ។

ជាមួយនឹងសម្រស់ និង បុគ្គលិកលក្ខណៈខ្មែរ តែមួយគត់របស់ខ្លួន កញ្ញាបានសម្តែងភាពរាក់ទាក់ ដល់ទស្សនិកជនកាលពីយប់មិញនេះ ហើយទទួលបានការកោតសរសើរ និង យកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រ និង សមាជិករបស់ប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែតាមពិតទៅ កញ្ញា រឿន ណាត បានបញ្ជាក់ប្រាប់ថា កាលពីកុមារភាព ខ្លួន រីករាយនឹងជីវិតបែបសាមញ្ញ និង ភាពស្ងប់ស្ងាត់ក្នុងនាមជាកសិកររួចមកហើយ»។

កញ្ញាបាននិយាយថា «ទាំងនោះ ជាឆ្នាំដ៏ល្អបំផុតរបស់នាងខ្ញុំ ពីព្រោះវា ជាពេលវេលាដែលបង្ហាញពីគុណតម្លៃរបស់នាងខ្ញុំ» ។ «នាងខ្ញុំសូមអរគុណ សម្រាប់ការ ដែលអាចទទួលបាននូវបទពិសោធ និង ប្រវត្តិបែបនេះ ដោយសារតែវា បានជួយនាងខ្ញុំឱ្យមានចិត្ដមេត្តាធម៌។ ជីវិតបានបង្រៀននាងខ្ញុំ នូវមេរៀនដ៏មានតម្លៃហើយនាងខ្ញុំមានអារម្មណ៍ថា មានសំណាងណាស់»

ពិតណាស់ កញ្ញាមានហេតុផលជាច្រើន ដើម្បីទទួលបានពរជ័យដោយសារតែនៅថ្ងៃទី ១៧ ខែធ្នូ កញ្ញានឹងត្រូវបានផ្តល់ឱកាសមួយផ្សេងទៀត ដើម្បីនាំយកប្រទេស និងខ្លួនឯងជាមួយភាពស្រស់ស្អាត ចូលរួមក្នុងការប្រកួតប្រជែង Miss Universe 2018 ។

«នាងខ្ញុំ និងបេក្ខភាពបវរកញ្ញាចក្រវាលឆ្នាំ ២០១៨ មានការរំភើបខ្លាំងណាស់ ពីព្រោះវាជាអ្វីដែលយើងបានហ្វឹកហាត់យ៉ាងខ្លាំង។ វាជាការប្រកួតសម្រស់ដ៏ធំបំផុតនៅក្នុងពិភពលោក ហើយយើងដឹងថា យើងបានផ្តល់ឯកសិទ្ធិដ៏អស្ចារ្យនេះ ដើម្បីតំណាងឱ្យប្រទេសនីមួយៗរបស់យើង។ នាងខ្ញុំចង់អរគុណដល់បងប្អូនខ្មែរជាថ្មីម្តងទៀត។ សូមអរគុណ អ្នកទាំងអស់ចំពោះការគាំទ្រ របស់លោកអ្នក។ នេះគឺជា ពេលវេលាដែលមានមោទនភាពសម្រាប់យើងទាំងអស់គ្នា ហើយនាងខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ សូមអរគុណ»