(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Mohamad Salah របស់ក្លឹបហង្សក្រហម Liverpool និងក្នុងជម្រើសជាតិអេហ្ស៊ីប បានឈ្នះពានរង្វាន់ក្នុងនាមកីឡាករមកពីតំបន់អាហ្វ្រិកលេងល្អប្រចាំឆ្នាំ២០១៨ របស់សា្ថប័នព័ត៌មាន BBC នៃចក្រភព អង់គ្លេស (BBC African Football of the Year 2018)។

តារាបាល់ទាត់ឆ្នើមដែលបានជួយឲ្យ Liverpool ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Champions League រដូវកាលមុន វ័យ២៦ឆ្នាំ ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អបំផុតប្រចាំឆ្នាំ២០១៨នេះ ឈ្នះដាច់គូប្រជែង Medhi Benatia, Kalidou Koulibaly, Sadio Mane និង Thomas Partey។

អតីតកីឡាករនៃក្លឹប Roma និងតោខៀវ Chelsea រូបនេះរកគ្រាប់ស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ពីការបង្ហាញខ្លួនបាន ៥២ប្រកួតក្នុងក្លឹបហង្សក្រហម Liverpool កាលពីរដូវកាលមុន និងជាអ្នករកបាន២គ្រាប់ផងដែរឲ្យអេហ្ស៊ីបនៅអំឡុង ព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

Mohamad Salah ក៏ធ្លាប់ឈ្នះពាន BBC African Footballer of the Year នេះម្តងដែរកាលពីឆ្នាំ២០១៧ ខណៈដែលរូបគេកំពុងលេងឲ្យក្លឹបអ៊ីតាលី AS Roma ក្រោយពេល Riyad Mahrez ធ្លាប់ឈ្នះក្នុងឆ្នាំ២០១៦ និង Yaya Toure ឈ្នះក្នុងឆ្នាំ២០១៥៕