(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បាននាំចូលកីឡាករបរទេសចំណូលថ្មីម្នាក់ទៀតហើយ គឺកីឡាករកូរ៉េត្បូង Tae Woong Kim ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ ខាងមុខ ។ នេះបើយោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប កាលពីម្សិលមិញ។

Tae Woong Kim គឺជាកីឡាករបរទេសទី៣ របស់អតីតក្រុមជើងឯក ៦សម័យកាលមួយនេះ ជាមួយនឹងតួនាទីជាខ្សែបម្រើ-ប្រយុទ្ធ បន្ទាប់ពីក្លឹបភ្នំពេញក្រោន បាននាំចូលកីឡាករប្រេស៊ីល ២រូប កាលពីពេលថ្មីៗ គឺខ្សែបម្រើ Paulo Victor Soares និងអ្នកចាំទីវ័យក្មេង Leonardo Oliveira Tavares។

មុនផ្ទេរមកលេងឲ្យក្លឹបសមាជិកលីគកំពូលកម្ពុជានេះ កីឡាករវ័យ ២៣ឆ្នាំរូបនេះ ចាប់ផ្ដើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០១៣ ដោយលេងឲ្យក្រុម Won Kwang Digital University ពីឆ្នាំ២០១៥-២០១៦ និងលេងឲ្យក្លឹប Cheon Ahn City Hall FC ឆ្នាំ២០១៧ មុនបន្ដលេងឲ្យក្លឹប Seoul Utd និងក្លឹប Ranong Utd ក្នុងរដូវកាលឆ្នាំ២០១៨៕