(កូរ៉េ)៖ នៅថ្ងៃនេះមានសេចក្តីរាយការណ៍ថា Rain កំពុងត្រៀមផ្លាស់ប្តូរខ្លួនដើម្បីស្វាគមន៍អ្នកគាំទ្រនៅឆ្នាំក្រោយនេះ។

ប្រភពពីខាងក្នុងនិយាយថា តារាចម្រៀង និងសម្តែងដ៏ល្បីរូបនេះមានការខកចិត្តចំពោះសិល្បករមួយចំនួនតូច ដែលកំពុងផ្សព្វផ្សាយខ្លួនឯងនៅក្នុងពិភពតារា K-Pop ហើយលោកសង្ឃឹមថានឹងបង្ហាញខ្លួន ជាតារាចម្រៀងសូឡូថ្មីជាមួយអ្វីដែលជាស្នាដៃរបស់ខ្លួនផ្ទាល់។ ប្រភពមួយបានឲ្យដឹងថា Rain កំពុងតែជ្រើសរើសបុគ្គលដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យល្អជាច្រើននាក់ តាមរយៈការសម្តែងក្នុងនិងក្រៅប្រទេស ព្រមទាំងបានជួបជាមួយតំណាងស្ថានីយ៍ផ្សព្វផ្សាយទាក់ទងនឹងបញ្ហានេះផងដែរ។

ទន្ទឹមនឹងការត្រៀមខ្លួនដើម្បីក្លាយជាតារាចម្រៀងសូឡូថ្មី Rain ក៏មានគម្រោងបង្កើតក្រុមតារាប្រុស ដែលមានសមាជិកចម្រុះជាតិសាសន៍ ៧រូបទៀតផង។ ក្រុមហ៊ុន Rain បានបញ្ជាក់ថា «ជាមួយនឹងគម្រោងក្លាយជាតារាចម្រៀងសូឡូ ក៏ដូចជាក្រុមតារាប្រុសថ្មីនេះ គឺកំពុងស្ថិតនៅក្នុងការរៀបចំ។ ប្រសិនបើគម្រោងនេះដំណើរការលឿន ពួកគេអាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ បើមិនដូច្នោះទេអ្វីៗនឹងកើតឡើងនៅឆ្នាំបន្ទាប់ទៀត»៕