(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីកររូបសង្ហា លោក យិត មាសឧស្សាហ៍ ហៅ អែត វីន កាលពីពេលថ្មីៗនេះធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបថតមួយសន្លឹក ជាមួយនឹងនឹងពិធីការិនីរួមអាជីព កញ្ញា ជេមមី ព្រមទាំងលាយ​ជាមួយនឹងពាក្យពេចន៍ផ្អែមល្ហែម ស្ដាប់ហើយស្ទើរតែធ្វើឲ្យហ្វេនៗទន់ចិត្តធ្លាក់ក្នុងអន្លង់ស្នេហ៍ ទៅតាមពាក្យសម្ដីកំណាព្យកាព្យឃ្លារបស់លោក។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ លោក អែត វីន បានប្រាប់តាមរយៈទូរស័ព្ទ ឲ្យដឹងថា «ភាគច្រើន នៅពេលដែលលោកបានជួប ហ្វេនៗ នៅខាងក្រៅ អ្នកគាំទ្រតែងតែនិយាយថា លោកជាតារាដែលចូលចិត្តលេងសើចច្រើន រួសរាយ មិនឆ្មើងឆ្មៃ ពោលគឺហ្វេនៗមួយចំនួនដឹងថា ចរឹកលក្ខណៈរបស់លោក គឺគួរឲ្យស្រឡាញ់ និងគួរឲ្យខ្នាញ់តែម្ដង»

លោក អែត វីន ក៏បានសង្គត់ន័យថា «ចំពោះខ្ញុំ អ្វីដែលគាត់និយាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុកទទួលស្គាល់ថា គឺជាការពិត ព្រោះគាត់ (ពិធីការិនី ជេមមី) គឺជាដៃគូធ្វើការជាមួយគ្នា ដូច្នេះការប្រើប្រាស់ពាក្យសម្ដី កាយវិការ ត្រូវតែចុះសម្រុងនឹងគ្នា មានមនោសញ្ចេតនាចំពោះគ្នា ហើយអ្វីដែលគាត់និយាយ គឺជាអ្វីដែលគាត់មើលឃើញពិតមែន។ រាល់ទង្វើ កាយវិការ រាល់ស្នាមញញឹម គឺយើងតែងតែបញ្ចេញដាក់គ្នា ជាលក្ខណៈក្នុងក្រុមការងារជាធម្មតា ព្រោះនៅពេលដែលយើងធ្វើការមិនចេះនិយាយលេងសើច ទឹកមុខមិនញញឹម ក៏ក្រុមការងារមិនមានចិត្តធ្វើការជាមួយខ្ញុំដែរ។ អ្វីដែលសំខាន់ នៅពេលក្រុមការងារ ធ្វើការហត់នឿយ ខ្ញុំចូលចិត្តនិយាយកំប្លែងឲ្យក្រុមការងារមានកម្លាំងចិត្ត លើកទឹកចិត្តក្រុមការងារ ហើយគាត់មើលឃើញពីទង្វើរបស់ខ្ញុំបែបនោះ គឺជាការពិតមែន»

យ៉ាងណាមិញ ចំពោះទំនាក់ទំនងរវាង លោក អែតវីន និងពិធីការិនី ជេមមី ចំពោះលោក អែតវីន ផ្ទាល់ មិនទាន់បកស្រាយនៅឡើយទេ ដោយលោកបានលើកឡើងថា «ចំពោះរឿងមួយនេះ ខ្ញុំមិនទាន់ហ៊ានបកស្រាយនៅឡើយទេ ព្រោះចាំពេលណាដែលខ្ញុំច្បាស់ការណ៍ ខ្ញុំនឹងបកស្រាយរួមគ្នាតែម្ដង ព្រោះបើបកស្រាយតែម្ខាងគឺមិនសូវទទទួលបានចម្លើយច្បាស់នោះទេ»

តារាសម្ដែង អែត វីត តែងតែត្រូវបានអ្នកគាំទ្រ និងហ្វេនៗរបស់លោក មានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងរូបសម្រស់ ក៏ដូចជាសម្ដីដ៏ផ្អែមល្ហែម ទឹកមុខមានមន្តស្នេហ៍របស់លោក ជាពិសេសនៅពេលដែលតារារូបនេះបញ្ចេញសារ អត្ថន័យបែបស្នេហាមកម្ដងៗ ស្ទើរតែធ្វើឲ្យហ្វេនៗធ្លាក់ក្នុងអន្លង់ស្នេហ៍ ។

សូមជម្រាបថា លោក អែតវីន បច្ចុប្បន្នកំពុងមមាញឹកជាខ្លាំងទាំងការសម្ដែង និងអាជីពជាពិធីករ ស្ទើរតែដកខ្លួនមិនរួច ហើយបច្ចុប្បន្ននេះ លោកកំពុងតែថតខ្សែភាពយន្ត ២ ក្នុងពេលតែមួយ ឲ្យទូរទស្សន៍ក្នុងស្រុកទៀតផង៕