(ភ្នំពេញ)៖ ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកមួយចំនួនធ្វើចុះផ្សាយ និងចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងជីវិតកំសត់អតីតតារាកំប្លែងជើងចាស់ លោកតា ចេក ដែលបច្ចុប្បន្នកំពុងជួបប្រទះការលំបាកខ្លាំង សម្រាប់ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃ ហើយមិនត្រឹមតែប៉ុណ្ណោះមុននេះក៏មានដំណឹងថា ផ្ទះរបស់លោកតា ចេក គឺបានរងការធុះធ្លាយ និងត្រូវខ្យល់ឆក់យកដំបូលស័ង្កសីទៅអស់មួយផ្នែកទៀតផង។

តាមរយៈដំណឹងខាងលើនេះ ភ្លាមៗនោះបានធ្វើឲ្យសប្បុរសជនមួយចំនួនធំទាំងអ្នករស់នៅក្នុងស្រុកនិងក្រៅស្រុក នាំគ្នាបង្ហាញការអាណិតអាសូរចំពោះតារាកំប្លែងលោកតា ចេក។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនចូលរួមត្រេកអរ និងអបអរគ្រួសារលោកតា ចេក នាពេលនេះគឺលោកតាត្រូវបានក្តីអាណិតអាសូរពីលោក ហ៊ួត ជា ដែលជាម្ចាស់ក្រុមហ៊ុនមួយ បានប្រកាសសម្រេចជួយជួសជុលប្តូរដំបូលផ្ទះទាំងស្រុង។

បើតាមការ Live វីដេអូពីសំណាក់លោក ហេង ឡុង, តារាចម្រៀងលោក សាន ផានិត និងលោក ហួត ជា ដែលបានចុះទៅផ្ទាល់ដល់ផ្ទះលោកតា ចេក នាថ្ងៃទី១២ ខែធ្នូនេះ ក្រៅតែពីការសួរនាំអំពីជីវភាពប្រចាំថ្ងៃរបស់តារាកំប្លែងលោកតា ចេក ប្រភពបញ្ជាក់ថា ពេលនេះក្រុមគ្រួសារលោកតា ចេក នឹងត្រូវបានការជួយជួសជុលប្តូរដំបូលផ្ទះទាំងស្រុងពីសប្បុរសជន និងលោក ហួត ជា ដើម្បីសម្រួលដល់ការរស់នៅ​របស់គាត់ឲ្យមានភាពប្រសើរជាងមុន។

ប្រភពដដែលបានបន្តទៀតថា ជាមួយគ្នានៃការសម្រេចជួយប្តូរដំបូលផ្ទះរបស់លោកតា ចេក ពីលោក ហួត ជា នេះដែរ សម្រាប់កូនស្រីៗទាំងពីរនាក់របស់លោកតា ចេក ដែលកំពុងបន្តការសិក្សាឆ្នាំទី២ នៅសាកលវិទ្យាក៏ត្រូវបានលោក ហួត ជា មានក្តីអាណិតតាមរយៈផ្តល់ឱកាសឲ្យចូលបម្រើការងារនៅក្រុមហ៊ុនលោកផ្ទាល់តែម្តង។នេះជាការផ្តល់ឱកាសស្វែងរកបទពិសោធន៍ និងដើម្បីរកប្រាក់ចំណូលជួយក្រុមគ្រួសារលោកតា ចេក ពីសំណាក់លោក ហួត ជា៕