(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលកន្លងមក​មហាជន​ជាច្រើន ជាពិសេស​មិត្តៗយុវវ័យ​តែងតែជំរុញ ​ក៏ដូចជាចាប់គូឱ្យ​តារា​ប្រុស​-​ស្រីល្បីៗ​ពីរ​រូប គឺកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង បង្កើត​ចំណង​ស្នេហាពិតប្រាកដ​រវាងគ្នានឹងគ្នា ប៉ុន្ដែ​ពួកគេ​ទាំងពីរ​តែងតែ​ប្រកែក​ជារឿយៗ ដោយឡែក​ស្រាប់តែថ្មីៗនេះ ស៊ីន យូ​ប៊ី​ន បានទម្លាយ និងសារ​ភាពត្រង់ៗ ដោយ​ខ្លួនឯង​ផ្ទាល់​ថា នាង​បាន​ផ្អែក​ស្មា​ដៃគូរបស់នាង លោក ខាត់ វ៉ៃ​ហាំង អស់​រយៈពេល ​​៥ឆ្នាំហើយ ធ្វើឲ្យប្រិយមិត្ត ទស្សនិកជន ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈសព្វមួយដង នាងមិនដែលបង្ហាញពីទំនាក់ទំនង រវាងនាង និងលោក ខាត់ វៃហាំង នោះទេ បើទោះបីជាអ្នកគាំទ្រតែងតែចាប់គូឲ្យស្រលាញ់គ្នា ជាគូស្នេហ៍ពិតប្រាកដយ៉ាងណាក្ដី។

ជាការពិត តារាសម្ដែងស្រី ស្រស់ស្អាត កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ថា «៥ឆ្នាំ​ នៅលើ​វិថី​មួយ​នេះ​ ដើរ​ឆ្លង​រឿង​ក្តៅ​ រឿង​ត្រជាក់​ជាច្រើន​… ចុងក្រោយ​នៅតែជា​ស្មា​ដ៏​រឹងមាំ​មួយ​នេះ​ ដែល​តែងតែឱ្យ​ខ្ញុំ​ផ្អែក​មិន​ថា​ ពេល​មានទុក្ខឬ​សុខ ។ អរគុណ​ដែល​ទ្រាំ​ជាមួយ​ក​ប៉ាល់​ភ្លើង​មួយ​នេះបានយូរយ៉ាងនេះ ​ហិ​ហិ​ហិ​»។ ក្នុងនោះស្រាប់តែបុរសសង្ហា ខាត់ វ៉ៃ​ហាំង បាន​ចែករំលែក (Share) ក៏ដូចជាសរសេររៀបរាប់​បន្ថែមយ៉ាងដូច្នេះថា «​អរគុណ​ដែល​ផ្តល់ឱកាស និងតួនាទី ក៏ដូចជា​វិនាទី​ដ៏៏មានន័យ​សម្រាប់​ជីវិត​បុរស​ធម្មតា​ម្នាក់នេះ​…!»។​​

យ៉ាងណាមិញ តាមរយៈសំណេរដ៏ផ្អែមល្ហែមហាក់ដូចជាគូស្នេហ៍ពីសំណាក់តារាប្រុសស្រីទាំងពីររូបនេះ បានធ្វើឲ្យទស្សនិកជនអ្នកលេងបណ្ដាញសង្គម នាំគ្នា​សម្ដែង​អារម្មណ៍រំភើប​ជំនួស​ពួកគេ​យ៉ាងខ្លាំង ពេល​បានឃើញ​ទិដ្ឋភាពដ៏ផ្អែមល្ហែម និងមានអត្ថន័យរបស់សិល្បករ​-​ការិនី​វ័យក្មេង​មួយគូ​នេះ បង្ហាញដាក់គ្នា៕