(ថៃ)៖ មួយរយៈមកនេះមានចចាមអារ៉ាមលេចឭសុះសាយ ពាក់ព័ន្ធរឿងរ៉ាវអាស្រូវស្នេហាលួចលាក់របស់តារាសម្ដែងប្រុសប្រចាំប្រទេសថៃ គឺលោក Mark Prin ថា បានបណ្តើរជាមួយនារីវ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Sky Maria តែពីរនាក់ស្ងាត់ៗ នៅផ្សារទំនើបមួយកន្លែងក្នុងប្រទេស។ បន្ទាប់ពីបានដឹងរឿងនេះហើយ លោក Mark Prin ក៏បានចេញមុខបកស្រាយ ព្រមទាំងធ្វើការបដិសេធទាំងស្រុងពាក់ព័ន្ធ នឹងរឿងរ៉ាវដ៏សាហាវ នេះភ្លាមៗតែម្តង។

យ៉ាងណាមិញ ក្រោយពីលោក Mark Prin បានចេញមុខបដិសេធ ស្រាប់តែថ្មីៗនេះ តារាស្រីវ័យក្មេង Sky Maria ដែលត្រូវបានគេនិយាយតពីមាត់មួយទៅមាត់មួយ ថាជាស្នេហ៍លួចលាក់របស់លោក Mark Prin ក៏បានចេញមុខមកធ្វើការបំភ្លឺបន្ថែម ពីរឿងរ៉ាវយល់ច្រឡំនេះ។ នាងថា នាងពិតជាមានការភ័យខ្លាចជាខ្លាំង ខណៈបានឮដំណឹងមិនល្អនេះកើតឡើង ចំពោះរូបនាងជាមួយ Mark Prin ខណៈនាងទើបតែប្រឡូកក្នុងវិស័យសិល្បៈមិនបានប៉ុន្មានខែផងនោះ ព្រោះរឿងនេះធ្វើឱ្យប៉ះពាល់ការងាររបស់នាង។

ដើម្បីជាការជម្រះមន្ទិលសង្ស័យរបស់ទស្សនិកជន តារាស្រី នាង Sky Maria ក៏បានបន្តថា ចាប់តាំងពីពេលដែលមានរឿងរ៉ាវនេះកើតឡើងមក នាងក៏ចាប់ផ្តើមទទួលបានសារអាក្រក់ៗជាច្រើនពីមហាជនគ្រប់ៗរូប ដោយអ្នកខ្លះធ្វើការស្តីបន្ទោសប្រមាថនាង ចំពោះអ្វីដែលពួកគេគ្រាន់តែបានឭ។ ស្របពេលជាមួយគ្នានេះដែរ នាងក៏បានបង្ហាញពីអារម្មណ៍ភ័យខ្លាច និងពិបាកចិត្តយ៉ាងខ្លាំង ដែលព្រមទទួលយកអ្វីដែលមិនពិត ពីការចោទប្រកាន់របស់អ្នកដទៃ។ រីឯទង្វើទាំងអស់នេះ នាងក៏មិនបានដឹងដែរថា នរណាជាអ្នកប្រឌិតរឿងនេះឡើយ លើរូបនាងព្រមទាំង Mark Prin។

ស្រីស្អាតរូបនេះបានបន្តទៀតថា នាងបានជួប Mark Prin តែម្តងនោះទេ តាំងតែពីពេលប្រឡូកក្នុងវិស័យសិល្បៈនេះ អំឡុងពេលធ្វើការងារសម្តែងក្នុងកម្មវិធីមួយតែប៉ុណ្ណោះ។ ដោយឡែកចាប់តាំងពីពេលនោះមក នាងក៏មិនដែលបានជួបលោកម្តងណាទៀតនោះទេ ហើយពេលនោះ នាងនិងលោក Mark Prin គ្រាន់តែធ្វើការងាររួមគ្នា ក៏មិនបានមានទំនាក់ទំនងពិសេសអ្វីនោះដែរ។ ហើយនាងក៏សំណូមពរឲ្យអ្នកគាំទ្រ ឈប់គិតខុសតទៅទៀតទៅលើរឿងមួយនេះ៕