(ភ្នំពេញ)៖ តារាសម្ដែងប្រុស លោក ម៉ឺន ឯកសុភារិទ្ធ បន្ទាប់ពីខ្សែភាពយន្ត ដែលលោក បានចូលរួមសម្តែងមានការផ្ទុះខ្លាំង ដូចជារឿង «សូផាត» និង រឿង «ផ្កាថ្ម» ដោយទទួលបានការអ្នកគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនរួចមក បច្ចុប្បន្នតារាប្រុសរូបនេះបានក្លាយតារាជាប់នឹងចក្ខុអ្នកដឹកនាំ។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ១១ ខែធ្នូ នេះ លោក ម៉ឺន ឯកសុភារិទ្ធ បានក្លាយជាតួរឯករឿងថ្មីឲ្យផលិតកម្ម Rock នៅក្នុងរឿង «ទាយាទបាប» ដែលមាន ៥០ភាគ។

ដោយសារតែមានភាពមមាញឹកនឹងការងារសម្ដែង និងជាពិធីករប្រចាំសប្ដាហ៍ នៅក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ទូរទស្សន៍ Fresh News TV ផងនោះ ទើបធ្វើឲ្យតារារូបនេះ ទទួលថតតែខ្សែភាពយន្តមួយ ឬពីរប៉ុណ្ណោះ ក្នុងពេលតែមួយ។

នៅក្នុងពិធីក្រុងពិលីថតរឿងថ្មី លោក ម៉ឺន ឯកសុភារិទ្ធ បានប្រាប់ Fresh News ឲ្យដឹងថា ចំពោះខ្សែភាពយន្តមួយនេះ លោកគ្រងតំណែងជាតួអង្គឯក ដោយសម្ដែងជាតួអង្គត្រូវបានគេធ្វើបាន មានចរឹកលក្ខណៈស្លូតត្រង់ សុភាពរាបសា សំបូរទៅដោយឈុតទឹកភ្នែក និងកម្សត់ ជាច្រើន។

លោក ម៉ឺន ឯកសុភារិទ្ធ បានបញ្ជាក់ថា «ចំពោះខ្ញុំផ្ទាល់ ចូលចិត្តសម្ដែង ជាតួស្លូត មានលាយឡំនឹងឈុតកម្សត់ ហើយរឿងនេះផ្ទាល់គឺត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំតែម្ដង ប៉ុន្តែជាធម្មតា នៅពេលដែលផលិតករឲ្យខ្ញុំសម្ដែងជាតួអង្គកាច ក្រមិចក្រមើម ក៏ខ្ញុំអាចសម្ដែងបានដូចគ្នា»

ទោះបីជារឿង «ទាយាទបាប» ស្ដាប់ទៅដូចជាមានបង្គប់ពាក្យពេចន៍ព្រឺព្រួច ប៉ុន្តែតារាសម្ដែងរូបសង្ហានេះបានប្រាប់ថា «រឿង «ទាយាទបាប» ជាប្រភេទរឿងឈ្នានីស មានការសងសឹក​គ្នាទៅវិញទៅមក ច្រណែនគ្នា មិនមែនជារឿងបែបខ្មោចនោះទេ ប៉ុន្តែតាមពិតទៅគឺជាប្រភេទរឿងបុរាណ ជារឿងចងអាគុំគ្នា ទាស់ទែងគ្នា ធ្វើបាបតួឯកប្រុស»

យ៉ាងណាមិញ លោក ម៉ឺន ឯកសុភារិទ្ធ រំពឹងថារឿង «ទាយាទបាប» នឹងមានទស្សនិកជនគាំទ្រជាបន្តទៀត ដោយសារតែរឿងប្រភេទនេះមានលក្ខណៈបែបអប់រំច្រើន មានការថតនៅតាមបណ្ដារខេត្ត អ្វីដែលសំខាន់សាច់រឿងល្អ ឆ្លុះបញ្ចាំងតថភាព ក៏ដូចជាផ្ដល់តម្លៃអប់រំដល់សង្គមគ្រួសារ។ ជាចុងក្រោយលោកក៏សូមអរគុណដល់ហ្វេនៗ ពុកម៉ែបងប្អូនទាំងអស់ ដែលតែងតែគាំទ្រស្នាដៃរបស់លោក នាពេលកន្លងមក៕