(ភ្នំពេញ)៖ លោក Yusuke គ្រូបង្វឹកនៃក្លឹបអង្គរថាយហ្គឺរ បានរៀបរាប់ថា រូបលោកខំប្រឹង ដើម្បីធ្វើឲ្យបាល់ទាត់នៅខេត្តសៀមរាបនៃប្រទេសកម្ពុជាផុសផុល និងចង់ធ្វើអ្វីឲ្យបានច្រើនលើសពីបាល់ទាត់ទៅទៀត ដូច្នេះហើយទើបសម្រេចចាប់ដៃគូជាមួយ ACE។ ការចាប់ដៃគូគឺផ្ដល់ការសិក្សាដោយឥតបង់ថ្លៃសម្រាប់បុគ្គលិក និង កីឡាករវ័យក្មេងរបស់យើង។

សម្រាប់ដៃគូ ACE និងក្លឹបអង្គរថាយហ្គឺរ មានចក្ខុវិស័យរួមគ្នា ដូច្នេះភាគីទាំងពីរនឹងចរចាការងារផ្សេងៗជាបន្តបន្ទាប់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា និង បង្កើតជម្រើសច្រើនក្នុងការងាររួមគ្នា។ អ្នកចាត់ការជនជាតិជប៉ុនរូបនេះបាននិយាយថា ការចុះកិច្ចសន្យាជាដៃគូរយៈពេល ១ឆ្នាំនេះ គឺអាចសិក្សាពីគ្នាទៅវិញទៅមក ហើយឆ្នាំបន្ទាប់នឹងត្រូវពិភាក្សាជាថ្មីម្ដងទៀតដើម្បីឈានទៅរកកិច្ចសហការល្អនានា។

លោក Yusuke Shinoda បានបន្តថា ក្លឹបនឹងអាចបញ្ជូនកីឡាករវ័យក្មេងយ៉ាងហោច ៥នាក់ជាជំហានដំបូង ដើម្បីឲ្យពួកគេសិក្សាភាសាអង់គ្លេសនៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) ដែលជាទីបណ្ដុះបណ្ដាលភាសាអង់គ្លេសមានគុណភាពនៅកម្ពុជា។ ពេលពួកគេមានចំណេះដឹងផ្នែកភាសាអង់គ្លេស គឺងាយស្រួលមិនត្រឹមលេងនៅស្រុកខ្មែរ តែអាចឈានទៅលំដាប់អន្តរជាតិទៀតផង។ ការថ្លែងយ៉ាងដូច្នេះក្រោយក្លឹបមានមូលដ្ឋាននៅខេត្តសៀមរាបចុះហត្ថលេខាលើភាពជាដៃគូនៃការអប់រំជាផ្លូវការក្នុងរយៈពេល ១ឆ្នាំនាថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចសហការភាពជាដៃគូនេះ អង្គរថាយហ្គឺរ ត្រូវដាក់ឡូហ្គោ (Logo) លើអាវសម្រាប់ឯកសណ្ឋានឆ្នាំ២០១៩ និងការផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក រួមទាំងសកម្មភាពផ្សេងៗទៀតដែលព្រមព្រៀងគ្នា៕