(ភ្នំពេញ)៖ លោក សារ៉េត ស៊ីដន គ្រូបង្វឹកក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា ភាគច្រើនកីឡាករបរទេសនៅរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ គឺ៨០ភាគរយជាកីឡាករអាស៊ី។

លោកបានបញ្ជាក់ថា ការផ្ដោតសំខាន់លើកីឡាករអាស៊ី ព្រោះការប្រាស្រ័យទាក់ទងជាមួយនឹងកីឡាករកម្ពុជា ហាក់មានភាពស៊ីជម្រៅជាងកីឡាករមកពីអាហ្វ្រិក ឬអឺរ៉ុប ដូច្នេះលោកថា អាស៊ីមានទម្លាប់ និងនិស្ស័យហាក់ប្រហាក់ប្រហែលគ្នា ដោយងាយស្រួលក្នុងការយល់ចិត្តក្នុងអំឡុងហ្វឹកហាត់ និងប្រកួតផ្លូវការ។

គ្រូបង្វឹកដែលដឹកនាំក្រុមបានត្រឹមរងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨ រូបនេះ បានលើកហេតុផលថា កីឡាកររួមទ្វីបនឹងកម្ពុជា ហាក់ងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងកូនក្រុមក្នុងស្រុកជាងកីឡាករមកពីអាហ្វ្រិក ឬអឺរ៉ុប។ ហេតុនេះការជ្រើសរើសកីឡាករបរទេសថ្មី គឺផ្ដោតសំខាន់លើតែមកពីតំបន់អាស៊ីដល់ទៅ៨០ភាគរយ នៅរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ។

គួរបញ្ជាក់ថា ក្រុមនគរបាលជាតិមានកីឡាករបរទេសនៅរដូវកាលមុន បានចាកចេញទៅរកទ្រនំថ្មីអស់ហើយ។ ពាក់ព័ន្ធនឹងចំនួនកីឡាករបរទេសនៅរដូវកាលថ្មី គ្រូបង្វឹកក្រុមហៅកាត់ថា ប៉ូលិសបាន បង្ហើបថា ទំនងពីចន្លោះ៤ទៅ៥រូប ដែលអាចមានការពារ ២រូប បម្រើប្រយុទ្ធ ២រូប និងប្រយុទ្ធ ១រូបផងដែរ៕