(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀង មួយបទ មានចំណងជើងថា «មេម៉ាយ សប្បាយចិត្ត»ត្រូវបានអ្នកនាង រ័ត្ន រចនា ច្រៀងតាមបណ្ដាញសង្គមអ៊ីនធឺណេត ដែលជាសំនៀងដើមរបស់អតីតតារាចម្រៀងជំនាន់ដើម អ្នកស្រី ប៉ែន រ៉ន រួចមក បានធ្វើអោយគេស្គាល់អ្នកនាង រ័ត្ន រចនា កាន់តែច្រើន ខណៈនាពេលខាងមុខ នាងត្រៀមចេញទៅសម្ដែងនៅប្រទេសកូរ៉េ តាមរយៈសមាគមសិល្បៈខ្មែរ របស់អ្នកនាង ចន ច័ន្ទលក្ខិណា និង ត្រូវបាន លោក ឡេង ណាវ៉ាត់ត្រា អញ្ជើញឲ្យចូលរួម ក្នុងការសម្ដែង ច្រៀង ឆ្លងឆ្នាំសកល នៅប្រទេសកូរ៉េ។

ជាការពិតណាស់ តារាស្រី ដែលបានប្រឡូកចូលសិល្បៈ អស់រយៈពេល ២០ឆ្នាំមកហើយ គឺ តារាចម្រៀង រ័ត្ន រចនា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ដោយសារតែបទចម្រៀង «មេម៉ាយ សប្បាយចិត្ត» ដែលជាចម្រៀងមរតកដើម ត្រូវបាននាងយកមកច្រៀងឡើងវិញ និង ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន។ ដោយសារតែមានយីអ៊ុនខ្លាំង ការងារសិល្បៈរបស់នាង កាន់តែមានទីផ្សារខ្ពស់ ខណៈមានគេទាក់ទងឲ្យច្រៀងនៅតាមបណ្ដារខេត្ត តាម Concert នានា ហើយមិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងស្រុកប៉ុណ្ណោះទេ នាងថែមទាំងត្រូវបានគេទាក់ទងឲ្យទៅសម្ដែង ច្រៀង នៅបរទេស ទៀតផង។ ជាក់ស្ដែង នាពេលខាងមុខនេះ រ័ត្ន រចនា ត្រៀមចេញទៅប្រទេសកូរ៉េ ហើយនាងថែមទាំងមានគម្រោង ចេញទៅប្រទេសបារាំង និង ប្រទេសអូស្រា្ដលី ផងដែរ។

ដោយឡែក ចំពោះការចេញទៅច្រៀង នាពេលឆ្លងឆ្នាំ នៅថ្ងៃទី ៣១ ធ្នូខាងមុខនេះ នៅប្រទេសកូរ៉េ រ័ត្ន រចនា រួមដំណើរជាមួយតារាចម្រៀង សាន ផានិត លោក ខេម និង រ៉ូលីន។
ជាមួយគ្នានេះផងដែរ នាងក៏បានភ្លេច ត្រៀមយកសម្លៀកបំពាក់ប្រពៃណីខ្មែរ និង បទចម្រៀងពីដើមៗ ទៅបង្ហាញជូនបងប្អូនខ្មែរ ដែលធ្វើការ នៅប្រទេសកូរ៉េ ផងដែរ។

ចំណែកលោក សាន ផានិត ក៏បានបន្ថែមថា ការចេញទៅប្រទេសកូរ៉េ លើកនេះ គឺលោកត្រៀមខ្លួន បលស្រាយចម្រៀងច្រើនបទ ជាមួយតារាស្រី រ័ត្ន រចនា ផងដែរ ដោយលោកមានគម្រោងបកស្រាយបទរាំវង់ រាំក្បាច់ និង បទញាក់កន្រ្ទាក់អារម្មណ៍។

ម្ចាស់ផលិតកម្ម Galaxy និង ជាតារាចម្រៀងលោក ឡេង ណាវ៉ាត់ត្រា​ ក៏បានបន្ថែមថា កម្មវិធី ដែលមានការចូលរួមពី តារាចម្រៀង សាន ផានិត, លោក ខេម ,រ័ត្ន រចនា គឺជាការរៀបចំដោយ ឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យបងប្អូនពលករកូរ៉េទូទាំងប្រទេសកូរ៉េ បានរីករាយជាមួយនឹងកម្មវិធីសិល្ប: បន្ទាប់ពីធ្វើការហត់ពេញមួយឆ្នាំ តាំងពីដើមខែមករា។ កម្មវិធីនេះ មានលក្ខណ:ខុសប្លែកជាងមុនត្រង់មានការប្រទ្បងចម្រៀង និងប្រទ្បងបុរសឯកនារីឯក ដោយខាងស្ថានទូតកម្ពុជា បានដំណើរជ្រើសរើសអ្នកប្រទ្បងចម្រៀង និងអ្នកប្រទ្បងសម្រស់ជាបណ្ដើរៗមកហើយ ដើម្បីធ្វើការប្រកួតជម្រុះនៅថ្ងៃទី៣១ ធ្នូ ហើយពេលរាត្រីក៏មានការប្រគំតន្ត្រីរាំលេងពីតារាចម្រៀងពីកម្ពុជា ដែលរួមមានលោកសាន ផានិត និងលោកខេមជាដើមនោះ៕