(ភ្នំពេញ)៖ ទន្ទឹមនឹងម៉ូតសក់ស្ទីលថ្មីរបស់ មាស សុខសោភា ដែលទស្សនិកជនថាស្រដៀងនឹងម៉ូតសក់កាលពីជំនាន់​ទសវត្សទី៧០ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ក្នុងនោះក៏មានបុគ្គលមួយចំនួនមិនពេញចិត្តទៅនឹងម៉ូសក់នេះផងដែរ។ ដោយក្នុងចំណោមបុគ្គលរិះគន់ទាំងនោះ ម្នាក់លើកឡើងថា សិល្បៈខ្មែរគ្មានការរីកចម្រើនអ្វីនោះទេ កាលដែលគេបានឃើញម៉ូតសក់ស្ពៃក្ដោបនោះហើយ។ មិនបង្អង់យូរឡើយ កាលដែលបានឃើញមហាជនរិះគន់បែបនេះ រំដួល លិចទឹក ក៏បានចេញមុខមកថាឱ្យចំៗ ដល់បុគ្គលរិះគន់ទាំងនោះ ដែលមានខ្លឹមសារថា សិល្បៈខ្មែរទៅមុខមិនរួច ដោយសារអាពួកបំពុលឯងហ្នឹងហើយ ទើបមិនរីកចម្រើននោះ។

ជាក់ស្តែង បើយោងតាមប្រភពហ្វេសប៊ុករបស់រំដួល លិចទឹក ដែលមានឈ្មោះថា Dada Tueella បានសរសេរសារយ៉ាងដូច្នេះថា «ថាចម្លងម៉ូដគេក៏បាន ថាធ្វើឡើងវិញក៏ត្រូវ ចឹងស្រេចតែលើការយកពាក្យមកនិយាយតើ? បើនិយាយ និងគិតចំណុចល្អនោះ វានឹងទៅជារឿងល្អ តែបើគិតហើយនិយាយពាក្យអាក្រក់នោះ វានឹងអាក្រក់ទៅតាមមាត់ ដែលអត់គំរបរបស់មនុស្សមួយចំនួនត្រូវអត់បងប្អូន...??? »

រំដួល លិចទឹក បន្តថា «សូមទោសខ្ញុំក៏មិនស្គាល់ថាម៉ូដសក់នេះ ឈ្មោះថាម៉ូដសក់អ្វីនោះដែរ? តែអ្វីដែលខ្ញុំដឹងនោះ គឺជាម៉ូដដែលធ្វើឡើង ដោយការឆ្នៃប្រឌិតឡើងវិញ ដើម្បីឱ្យមើលទៅប្លែកភ្នែកមួយសំរាប់អ្នកគាំទ្រ ពាក្យថាសិល្បៈគឺគ្មានដែកកំណត់ មិនរស់នៅក្នុងអណ្តូង ឬ រស់ក្នុងជម្ងឺទើស ជ្រុលមាត់ បើនឹកមិនឃើញធ្វើអីបានដូចគេទេគួរ ដេកយកពេលប្រឹងរកលុយចិញ្ចឹមជិវិតទៅ កុំមកដៀលថា​សិល្បៈខ្មែរមិនរីកចំរើន ..ដែលទៅមុខមិនរួច ដោយសារអាពួកបំពុលឯងហ្នឹង ហើយទើបមិនរីកនោះ... មាត់ស្រលាញ់សិល្បៈតែមិន ដែលបានរួមចំណែកអីបន្តិចជាមួយសិល្បៈ សោះរួមចំណែកតែអាខាងទើស ... សួរថាបើពួកខ្ញុំមិនធ្វើតើលោកអស់ឯងនិងធ្វើមែន?? ស្អប់បំផុតអាពាក្យក្បាលប៉ុនល្អី និង .. ស្គាល់ក្បាល ស្គាល់សក់អត់ ?? បើស្គាល់ប្រាប់ផង ផ្ញើរជូនជាពិសេសចា៎»

យ៉ាងណាមិញ ជាមួយនឹងការលើកឡើងបែបនេះពីសំណាក់រំដួល លិចទឹក ហាក់ធ្វើឱ្យបុគ្គលដែលចាំតែរិះគន់សិល្បៈស្រុកខ្មែរ មានការភ្លឺភ្នែកបានខ្លះ ជាពិសេសធ្វើឱ្យពួកគេ យល់ដឹងបន្ថែមពីសិល្បៈនៃការច្នៃប្រឌិត ពោលគឺច្នៃអ្វីដែលថ្មីៗប្លែក ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ។ ទោះបែបនេះក្តី ក៏មិនបានន័យថា ច្នៃរហូតទាល់តែបាត់ប្រភពដើមនោះទេ៕