(ភ្នំពេញ)៖ គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិឡាវ លោក V. Sundramoorthy ជនជាតិសិង្ហបុរី ធ្លាប់ដឹកនាំក្រុមជម្រើសជាតិសិង្ហបុរី ចាញ់ក្រុមកម្ពុជា ២-១ នៅទឹកដីពហុកីឡដ្ឋានជាតិកាលខែកក្កដា ឆ្នាំ២០១៦ ដែលការបរាជ័យនេះ ធ្វើឲ្យក្រុមគោព្រៃកម្ពុជាបានបំបែកកំណត់ត្រាឈ្នះលើកដំបូងលើសិង្ហបុរី ក្នុងរយៈពេល ៤៤ឆ្នាំ ជាសម័យដឹកនាំដោយលោក Lee Tae Hoon។

កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងខ្សែបម្រើប្រយុទ្ធ ទិត្យ ឌីណា ដែលរកបានម្នាក់ ១គ្រាប់ ក្នុងជ័យជម្នះកាលនោះ បានធ្វើឲ្យលោក V.Sundramoorthy ទទួលបរាជ័យនៅក្នុងទីក្រុងភ្នំពេញជាលើកដំបូង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

លោក V. Sundramoorthy អតីតធ្លាប់លេងឲ្យក្លឹប FC Basel របស់ស្វីស ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ឡាវ តែងតាំងជាគ្រូបង្គោលនាខែតុលា ឆ្នាំ២០១៨ ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំដើម្បីដឹកនាំក្នុងយុទ្ធនាការ AFF Suzuki Cup ឆ្នាំ២០២៨ នេះ។

គ្រូបង្វឹកវ័យ ៥៣ឆ្នាំរូបនេះបានចុះចេញពីតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិសិង្ហបុរី កាលពីខែមេសា ឆ្នាំ២០១៨ មុនទៅដឹកនាំក្រុមជម្រើសជាតិឡាវ។ បច្ចុប្បន្នលោកមិនទាន់ជួយក្រុមឡាវ ទទួលជ័យជម្នះនៅឡើយទេ ដោយចាញ់ទាំង ៤ប្រកួត ពោលគឺចាញ់ក្រុមម៉ុងហ្គោលី ៤-១ ក្នុងជំនួបមិត្តភាព ខណៈការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ក្រុមរបស់លោកបានចាញ់វៀតណាម ៣-០, ចាញ់ មីយ៉ាន់ម៉ា ៣-១ និងបន្តចាញ់ម៉ាឡេស៊ី ៣-១ ទៀត វគ្គសន្សំពិន្ទុនៃពូល A៕