(ឡាវេហ្គាស)៖ ខ្លាកំណាចប្រចាំទ្វីបអាស៊ី Manny Pacquiao នឹងឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យម WBA ដោយត្រូវ ប៉ះកីឡាករជើងខ្លាំងអាមេរិក Adrien Broner នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ខាងមុខ។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយថា ការប្រកួតដ៏សំខាន់នេះ នឹងត្រូវរៀបចំឡើងនៅសង្វៀន MGM Grand Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិកដែលជាការជួបគ្នាលើកទី១ រវាងជើងខ្លាំងទាំងពីរ ក្រោយពេលកីឡាករវ័យ ៣៩ឆ្នាំ Pac Man បានបរាជ័យក្នុងការចរចាវាយជាមួយគូសត្រូវចាស់ Floyd Mayweather នាចុងឆ្នាំ២០១៨ នេះ។

យ៉ាងណាក៏ដោយ សារព័ត៌មានខាងលើមិនបានបញ្ជាក់ពីតម្លៃខ្លួនពីការឡើងការពារខ្សែក្រវាត់ WBA លើកទី១របស់ Pacquiao បន្ទាប់ពីរូបគេបានឈ្នះពី Lucas Mattysse កាលពីខែដើមខែកក្កដា ឆ្នាំ២០១៨ ក្នុងទឹកទី៧។

ថ្លែងក្នុងពិធីថ្លឹងទម្ងន់ និងសន្និសីទនៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញ Manny Pacquiao បានថ្លែងថា «ខ្ញុំចង់ អភិវឌ្ឍន៍សមត្ថភាពថាខ្ញុំនៅតែអាចប្រកួតបាន និងបន្តអាជីពមួយនេះទៀត ជាពិសេសផ្តល់ភាពសប្បាយដល់អ្នកគាំទ្រ ឯទៀតនាថ្ងៃទី១៩ ខែមករាឆ្នាំក្រោយ ខណៈយើងកំពុងប្រឹងប្រែងហ្វឹកហាត់ខ្លាំងឡើងដូចគ្នា»

Manny Pacquiao ធ្លាប់ប្រកួតបាន ៦៩ដង ឈ្នះ៦០ដង ស្មើ២ដង និងចាញ់ ៧ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់ បានចំនួន ៣៩ដង ខណៈគូប្រជែង Adrien Broner វ័យ២៩ឆ្នាំ ធ្លាប់ប្រកួតបាន ៣៧ដង ឈ្នះ៣៣ដង ស្មើ១ដង និងចាញ់ ៣ដង ដោយក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន ២៤ដង៕