(ប៊ែឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ជាក្រុមចុងក្រោយ ដែលឈ្នះកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Nationals League ក្រោយវាយបកតាមស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុង១ប្រកួត ចុងក្រោយនៃពូល A ក្រុម១ យប់មិញនេះ។

នេះជាលើកទី៣ គិតចាប់តាំងពីពួកគេបានចាញ់អេស្ប៉ាញ ក្នុង FIFA World Cup 2010 នៅអាហ្រ្វិកខាងត្បូង ក្នុងនាមជាក្រុមខកខាន World Cup 2018 នៅរុស្ស៊ី និងជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ នៃ World Cup 2014 នៅប្រទេសប្រេស៊ីល។

ហូឡង់បានប្រើពេល ៥នាទីចុងក្រោយ ដើម្បីសង្រ្គោះ១ពិន្ទុមកវិញឡើងទៅនៅកំពូលតារាងពីការធ្វើបានសម្រេចដោយ កីឡាករ Promes នៅនាទីទី៨៥ និងខ្សែការពារថ្លៃជាងគេលើលោក Van Dijk នៅនាទីទី៩០ បន្ទាប់ពីម្ចាស់ផ្ទះអាល្លឺម៉ង់បានបើកការនាំមុខ ២-០ តាំងតែពីតង់ទី១មកម្ល៉េះ ដោយកីឡាករ Werner និង Leroy Sane។

ហូឡង់ ត្រូវប្រជែងជាមួយអង់គ្លេស ស្វីស និងព័រទុយហ្គាល់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០១៩ ខាងមុខ ខណៈបារាំង និងអាល្លឺម៉ង់ ធ្លាក់ទៅលេងក្នុងពានកម្រិតទី២ វិញ៕