(ភ្នំពេញ)៖ បើនិយាយពីកញ្ញា ខ្លឹម ស្រីគា ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ហើយ ព្រោះនាងគឺជាអតីត «Miss Grand Cambodia» ២០១៧ ដែលធ្លាប់បានទៅបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ យ៉ាងណាមិញ សម្រាប់បច្ចុប្បន្ននេះ ទីផ្សារសិល្បៈរបស់នាង ហាក់មានភាពរីកចម្រើនជាបណ្តើរៗហើយ ព្រោះត្រូវបានគេសង្កេតឃើញថា ហាក់មមាញឹកខ្លាំង ទាំងថតភាពយន្ត ថតស្ពត និង MV ចម្រៀងជាដើម។ ជាមួយគ្នានេះ កញ្ញា ខ្លឹម ស្រីគា បានបង្ហាញពីការជឿជាក់លើខ្លួនឯងយ៉ាងមុតមាំ លើរឿងដុំមួយ ដែលមានចំណងជើងថា «ខ្មោចគ» របស់ផលិតកម្មថោន ដែលជាស្នាដៃថ្មីមួយទៀតរបស់នាង ខណៈបានគ្រងតំណែង ជាតួអង្គគ្រូចាប់ខ្មោចសិចស៊ី លើកដំបូង។  

ថ្លែងប្រាប់ Khmertalking តាមរយៈទូរស័ព្ទថ្មីៗនេះ កញ្ញា ខ្លឹម ស្រីគា បានបង្ហាញប្រាប់ថា ចាប់តាំងពីចូលសម្តែងភាពយន្តមក តួអង្គគ្រូចាប់ខ្មោចនេះ គឺជាលើកដំបូងហើយដែលនាងសម្តែង និងអ្វីដែលពិសេសនោះ មិនមែនតួអង្គគ្រូស្រីចាប់ខ្មោចធម្មតានោះទេ ថែមទាំងសិចស៊ីទៀតផង។ ក្នុងការសម្តែងរឿងដុំ ប្រភេទខ្មោចលង មានលាយកំប្លែង ដែលត្រៀមចាក់បញ្ចាំងនៅរោងកុនឆាប់ៗនេះ នាងបង្ហាញថា ការសម្តែងគឺមានភាពលំបាកខ្លះៗដែរ ព្រោះជាទូទៅ ធ្លាប់តែសម្តែងជាតួអង្គធម្មតា សុភាពរាបសារជាដើម តែរឿង «ខ្មោចគ» នេះ គឺនាងត្រូវសម្តែងដោយមានទឹកមុខមាំ ម៉ឺងមាត់តែម្តង ទោះក្នុងឈុតនោះមានកំប្លែងក៏ដោយ។  

តារាម៉ូឌែលស្រី រាងខ្ពស់ស្រឡះរូបនេះ បានសង្កត់ធ្ងន់ថា រាល់តួអង្គដែលផលិតករដាក់ឱ្យនាងសម្តែង គឺនាងមិនប្រកាន់នោះទេ គឺពេញចិត្តនឹងទទួលជានិច្ច។ នាងប្រាប់ពីមូលហេតុដែលនាង សម្តែងជាតួអង្គគ្រូចាប់ខ្មោចនេះ គឺដោយសារផលិតករមើលឃើញថា រូបរាងរបស់នាងមានមាឌធំ និងខ្ពស់ដំបង បើនិយាយពីទឹកមុខវិញ គឺស័ក្ដិសមនឹងតួម៉ឺងមាត់ ដូច្នេះទើបដាក់ឲ្យនាង សម្តែងជាតួគ្រូចាប់ខ្មោច ជាស្រីសិចស៊ីតែម្តង»។

ជាចុងក្រោយ តារាស្រីរូបនេះ បានថ្លែងអំណរគុណដល់ទស្សនិកជន ចំពោះការគាំទ្ររបស់ទស្សនិកជន ដែលតែងតែគាំទ្ររាល់ស្នាដៃសម្តែងភាពយន្តរបស់នាង តាំងពីដើមរហូតមក ហើយក្នុងឱកាសពីធីបុណ្យអ៊ុទូកនេះផងដែរ នាងជូនពរឱ្យទស្សនិកជន និងបងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានជូនប្រទះតែសេចក្តីសុខ សុវត្ថិភាពរាល់ការធ្វើដំណើរទៅទីជិតឆ្ងាយ និងប្រកបកិច្ចការងារមានការរីកចម្រើន៕