(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិឡាវ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup 2018 និងជាប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់ឡាវ ក្នុងពូលA។ ចាំមើលតើកម្ពុជា ឬឡាវ នឹងទទួលបាន ៣ពិន្ទុដំបូង បន្ទាប់ពីឆ្លងកាត់ ២-៣ប្រកួតកន្លងមក មិនទាន់ស្គាល់ឈ្នះ ឬស្មើនៅឡើយ?

បើក្រឡេកមើលប្រវត្ដិធ្លាប់ជួបគ្នា ៤លើក ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ក្នុងពានប្រចាំតំបន់នេះ កម្ពុជា ធ្លាប់ឈ្នះឡាវម្ដងគត់ ដែលជាការប្រកួតក្នុងដី កាលពីឆ្នាំ២០១៦ ខណៈការប្រកួតក្រៅដី ៣លើកទៀត កម្ពុជា បានចាញ់ឡាវ ២ដង និងស្មើគ្នាម្ដង។ ប៉ុន្ដែគ្រូបង្វឹកឡាវលោក Varadaraju Sundramoorthy បានអះអាងថា ឆ្នាំ២០១៦ នឹងឥលូវ មិនអាចសន្និដ្ឋានបានឡើយ ដោយសារកម្ពុជាមានទម្រង់លេងថ្មី និងមានការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី។

លោក Varadaraju Sundramoorthy បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនជាងមុន ដូច្នេះការប្រកួតល្ងាចនេះ មិនមែនជាការប្រកួតងាយស្រួលនោះទេ។ ប៉ុន្ដែយ៉ាងណាលោកក៏បានកែតម្រូវចំណុចខ្វះខាតរបស់កូនក្រុម បន្ទាប់ពីធ្វើមិនបានល្អនា ៣ប្រកួតកន្លងមកផងដែរ។ ហេតុនេះលោកសង្ឃឹមថា កូនក្រុមខ្លួននឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយ ទោះបីជាការប្រកួតបង្គ្រប់កិច្ចក៏ដោយ។

ចំណែលគ្រូបង្វឹកកម្ពុជា លោក Felix នៅតែសម្ដែងការគោរព ចំពោះក្រុមឡាវ នឹងចាត់ទុកការប្រកួតល្ងាចនេះ គឺជាជំនួបដ៏សំខាន់ដដែល។ លោកថា ការប្រកួតនេះ ក្រុមខ្លួនមានពេលវេលារៀបចំ និងសម្រាកបានគ្រប់គ្រាន់សម្រាប់កីឡាករ។ លើសពីនេះ លោកក៏បានស្គាល់ច្បាស់ពីសមាសភាពគូដិបក្ខដែរ ដែលធ្វើឲ្យលោកកាន់តែមានការប្រុងប្រយ័ត្ន និងជំរុញកូនក្រុមត្រៀមបានការត្រៀមខ្លួនឲ្យបានល្អបំផុត ដើម្បីប្រជែង ៣ពិន្ទុដំបូងជាមួយក្រុមជម្រើសជាតិឡាវល្ងាចនេះ។

គួរបញ្ជាក់ថា កម្ពុជា និងឡាវ សុទ្ធតែមិនទាន់មានពិន្ទុរាប់ដូចគ្នា គ្រាន់តែកម្ពុជា នៅសល់ ២ប្រកួតក្នុងដៃ រួមទាំងប្រកួតល្ងាចនេះ។ ចំពោះលទ្ធផល ២ប្រកួតដំបូងរបស់កម្ពុជា គឺចាញ់ម៉ាឡេស៊ីក្នុងដី ១-០ និងចាញ់មីយ៉ាន់ម៉ាក្រៅដី ៤-១ ស្របពេល ៣ប្រកួតរបស់ក្រុមឡាវវិញ គឺចាញ់វៀតណាម ៣-០, ចាញ់ម៉ាឡេស៊ី ៣-១ និងចាញ់មីយ៉ាន់ម៉ា ៣-១។ រីឯក្រុមកំពុងឈរលំដាប់កំពូលតារាងពូលA ពេលនេះ រួមមានមីយ៉ាន់ម៉ា វៀតណាម និងម៉ាឡេស៊ី ដែលមាន ៦ពិន្ទុស្មើគ្នា គ្រាន់តែវៀតណាម និងមីយ៉ាន់ម៉ា សល់ ២ប្រកួតក្នុងដៃ៕