(ភ្នំពេញ)៖ ក្រោយពីលោកព្រឹទ្ធាចារ្យចាប៉ីដងវែង ដ៏ល្បាញល្បីបំផុត របស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពនៅម៉ោងប្រមាណ ១៖៣០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ខណៈដែលពិធី​​បូជា​សព ​របស់​ព្រឹទ្ធ​ភិរម្យ​វោ​ហា​សាស្ត្រ​ ប្រាជ្ញ​ ឈួន បាន​រៀប​ចំ​ឡើង​នៅ​ល្ងាចមិញ​នេះ​ ​ក្នុងបរិវេណ​វត្ត​បទុម ​ក្នុង​រាជ​ធានី​ភ្នំពេញ ​យ៉ាង​ក្រៀម​ក្រំ និង​អា​លោះ​អាល័យ​​​ជា​ទី​បំ​ផុត។

​​យ៉ាងណាមិញ ​កូនចៅ និង​សិស្សគុន​របស់​លោកជាច្រើន​នាក់ ​បានធ្វើការ ​​ដេញ​​ចាប៉ីដងវែង ដែលរៀប​រាប់​ ពី​ការ​ដឹង​គុណ​ ដល់​លោក​តា ប្រាជ្ញ ឈួន ដើម្បី​​ជា​ការ​លា​គ្នា​លើកចុង​ក្រោយ ​ដែលជាការលាដោយគ្មាន​ថ្ងៃ​ត្រឡប់​ របស់​​ស្ដេច​ចាប៉ី​ដង​វែង មើលទៅពិតជាក្ដុកក្តួល ចិត្តយ៉ាងខ្លាំង។

ជាមួយគ្នានេះ ​ក្នុង​ថ្ងៃ​ដ៏​ក្រៀម​ក្រំ​ ក្នុងការធ្វើពិធីបូជា សព របស់ លោកតា ប្រាជ្ញ ឈួន ​អ្នក​ចូល​រួម​ទាំង​អស់​ ពិតជាមិន​អាច​ទប់​ទឹក​ភ្នែក​បាន​ទេនោះ ចំពោះ​ការ​​លា​ចាក​លោក​​​ របស់លោកតា បានធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវសោកស្តាយ និងក្រៀមក្រំជាទីបំផុត ព្រោះបាត់បង់សិល្បករជើងចាស់មួយរូប ដែលជានិមិត្តរូបសម្រាប់អ្នកសិល្បៈជំនាន់ក្រោយ។​ មួយវិញទៀត គឺបាត់បង់នូវ ធនធាន​មនុស្ស​យ៉ាង​កម្រ​ ដែល​​​ពោរពេញដោយសមត្ថភាព ទេពកោសល្យយ៉ាងប៉ិន​ប្រសប់ ​ផ្នែក​សិល្បៈ​បុរាណ​ខ្មែរ ពោលគឺផ្នែកចាប៉ីដងវែង៕