(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រមរបស់ខ្លួនជោគជ័យ ក្រោយដំណើរការអស់រយៈពេល ១សប្ដាហ៍ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានថវិកាចូលរួមចំនួន ៣៤នាក់ ក្រោមការឧបត្ថម្ភគាំទ្រពីថវិការាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំវគ្គបណ្ដុះបណ្ដាលចៅក្រមនេះឡើង ដើម្បីជំរុញវិស័យកីឡាបែបប្រពៃណីមួយនេះឲ្យកាន់តែមានលក្ខណៈស្ដង់ដារ និងមានការប្រកួតប្រជែងកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះ សហព័ន្ធបានប្ដេជ្ញានឹងបន្ដរៀបចំវគ្គបណ្ដុះបណ្ដាលនេះជារៀងរាល់ឆ្នាំ ដើម្បីសម្រាំងធនធានសម្រាប់ត្រៀមកាត់សេចក្ដី នាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផងដែរ។

ដោយហេតុនេះ ប្រធានសហព័ន្ធខាងលើ បានធ្វើការជំរុញដល់សិក្ខាកាម និងចៅក្រមទាំងអស់ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវយកចំណេះដឹងទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ លើសពីនេះ លោកក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការសិក្សារយៈពេល ១សប្ដាហ៍ផងដែរ ដោយក្នុងចំណោមសិក្ខាកាមចំនូល ៣៤នាក់ គឺមានសិក្ខាកាមចំនួន ២៤នាក់ឯណោះ ដែលទទួលបាននិទ្ទេសល្អ ។

ដោយឡែក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើការជំរុញ និងគាំទ្រសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក្នុងការបន្ដការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះអុកចត្រង្គ គឺជាកីឡាប្រពៃណីមួយ ដែលមានសក្ដានុពល និងសង្ឃឹមច្រើនក្នុងការប្រកួតប្រជែងមេដាយជូនជាតិ៕