(ថៃ)៖ តារាសម្ដែងមានរូបសម្រស់លេចធ្លោរ រួមផ្សំទាំងកេរ្ដិ៍ឈ្មោះល្បាញល្បី ក្នុងវិស័យសិល្បៈរបស់ថៃ គឺនាង Kwan Usamanee ថ្មីៗនេះបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងដំណើរកំសាន្តលំហែ​កាយ លក្ខណៈគូស្នេហ៍នៅឯតំបន់មាត់សមុទ្រ និងបង្ហាញភាពផ្អែមល្ហែម ជាមួយនឹងគូស្នេហ៍ថ្មីរបស់ខ្លួន។

ជាការកត់សម្គាល់ បន្ទាប់ពីប្រះឆាស្នេហ៍ ជាមួយនឹងតារាសម្តែងប្រុស លោក Golf Pichaya មក នាង Kwan Usamanee ហាក់មិនខ្វល់ខ្វាយពីរឿងអតីតកាលរបស់ខ្លួនឡើយ។ ក្នុងនោះ នាងបានបង្វែរមករីករាយ ជាមួយនឹងជីវិតបច្ចុប្បន្នភាពរបស់នាង ដោយសាងស្នេហ៍ជាមួយនឹងបុរសវ័យក្មេងម្នាក់ យ៉ាងមានសុភមង្គល។ គូស្នេហ៍ថ្មីរបស់នាង ត្រូវបានគេដឹងថា មិនមែនជាអ្នកសិល្បៈនោះទេ តែគឺជាអ្នកជំនួញវ័យក្មេងគឺ ម្ចាស់សណ្ឋាគារល្បីមួយរូបក្នុងប្រទេសថៃ។

អ្វីដែលពិសេសនោះ គឺនាង Kwan Usamanee និងគូស្នេហ៍ថ្មីរបស់នាង តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដល់ទស្សនិកជនទៀតផង ដូចជាដឹកដៃគ្នាទៅដើរកំសាន្ដមាត់សមុទ្រ បន្ថែមភាពស្និទ្ធស្នាលផងដែរ។

គួរបញ្ជាក់ថា តារាស្រីនាង Kwan ធ្លាប់មានប្រវត្ដិស្នេហ៍ប្រះឆាពីរដងរួចមកហើយ ជាមួយតារាប្រុសលោក Golf Pichaya រហូតចែកផ្លូវគ្នាបានសម្រេចទៀតផង៕