(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានប្រកាសថា លោក លោក ពៅ វិសាល បុកប៊ីយ៉ាក្នុងប្រភេទ ៨-៩ និង ១០គ្រាប់ ជាកីឡាករក្នុងជម្រើសជាតិកម្ពុជាជាផ្លូវការហើយ។

កីឡាករកូនខ្មែរ មានដើមកំណើតនៅខេត្តកំពត បច្ចុប្បន្នស្ថិតនៅប្រទេសបារាំង បានស្ម័ត្រចិត្តចូលរួមជាកីឡាករជម្រើសជាតិស្នូកឃ័រកម្ពុជា នេះបើតាមការចេញផ្សាយរបស់សហព័ន្ធផ្ទាល់នាពេលថ្មីនេះ។

លោក ពៅ វិសាល បានឲ្យដឹងថា រូបលោកចង់លើកស្ទួយកីឡាជាតិ ក្នុងនាមជាកីឡាករជម្រើសជាតិកម្ពុជា ហើយលោកសន្យាថា នឹងព្យាយាមហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីក្លាយជាកីឡាករជម្រើសឆ្នើមមួយប្រចាំប្រទេស ដើម្បីមានឱកាសចូលរួមកម្មវិធីប្រកួតធំៗ ពិសេសគឺ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយរូបលោកធ្លាប់ឈ្នះពានរង្វាន់ជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុបលក្ខណៈឯកជន។

សហព័ន្ធផ្ទាល់ ក៏មានសេចក្តីរីករាយនឹងទទួលយកកីឡាករដែលមានសមត្ថភាព និងឆន្ទៈគិតដល់ប្រទេសជាតិ ហើយយើងសូមគាំទ្រ និងលើកទឹកចិត្តដល់លោក ពៅ វិសាល និងជូនពរឱ្យបំណងរបស់លោកទទួលបានជោគជ័យដែរ៕