(ភ្នំពេញ)៖ លោក សុះ ម៉ាច ជារឿយៗតារាប្រុសជើងចាស់រូបនេះ តែងតែបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួន ទាក់ទងនឹងការស្រឡាញ់ពេញចិត្ត លើវិស័យសិល្បៈរបស់ខ្មែរ។ ថ្មីៗនេះលោកត្រូវបាន ព្រលឹងអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មកពន្យល់សប្តិ ​ធ្វើឲ្យរូបលោកយល់ឃើញថា ខ្លួនហាក់បីដូចជាទើបតែចេះច្រៀងប៉ុណ្ណោះ ព្រោះតែព្រលឹងនោះបានណែនាំរូបលោកពីការច្រៀងឲ្យបានល្អ។

ជាក់ស្តែង តារាចម្រៀងលោក សុះ ម៉ាច បានទម្លាយពីទំហំទឹកចិត្ត នៃការស្រឡាញ់វិស័យសិល្បៈភ្ជាប់ ជាមួយការរំឭកដល់អតីតតារាចម្រៀង អធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត បែបនេះថា «មានអារម្មណ៍ថា ខ្លួនឯងទើបនឹងចេះច្រៀងប៉ុន្មាន១ឆ្នាំនេះប៉ុណ្ណោះ ក្រោយពីសុបិនឃើញអធិរាជសំឡេងមាសលោក (ស៊ីន ស៊ីសាមុត) ជាលើកទី៣ ដោយបានទទួលការណែនាំពន្យល់ ពីចម្រៀងរបស់លោកមករូបខ្ញុំ តាមរយៈសុបិន្ត»

លោក ​សុះ ម៉ាច បានលើកឡើងទៀតថា «ក្នុងខណៈពេលផលិតកម្មនិងស្ថានីយ៍ទូរទស្សន៍ជាច្រើន បិទកម្មវិធីបទចម្រៀងបែបសម័យដើម ឬបទមហាជនវ័យកណ្ដាល។ រីឯកម្មវិធីផ្សេងៗទៀត ក៏ពុំសូវមានការអញ្ជើញយូរៗម្តង។ តែខ្ញុំនៅតែដុសខាត់សំឡេងរបស់ខ្ញុំនៅ black factory រៀងរាល់យប់ និងនៅសាលាតន្រ្តីផងដែរ»។លោកបន្តទៀតថា «មួយជីវិតរបស់ខ្ញុំស្រឡាញ់វិស័យសិល្ប:ចម្រៀង ដូចស្រឡាញ់ក្រុមគ្រួសារអ៊ីចឹង គ្មានថ្ងៃនឹងបោះបង់ឡើយ។ នេះជារូបភាពកាលពីយប់មិញ ក្នុងកម្មវិធីចម្រើនព្រះជន្ម និងនៅ black factory កូនស្រីសំណព្វនាងមកលេងខ្ញុំ ជាមួយម្តាយរបស់នាង!»

​លោក សុះ ម៉ាច ជាតារាសិល្បៈជើងចាស់មួយរូប ដែលតែងតែបង្ហាត់​ និងពង្រៀនដល់កូនខ្មែរពិសេសអ្នក ដែលមាននិស័យស្រឡាញ់លើវិស័យសិល្បៈផងដែរ និងជាអតីតប្រធានសមាគមសិល្បករខ្មែរពីរអាណត្តិ៕