(ភ្នំពេញ)៖ ប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករខ្សែការពារ សឿយ វិសាល បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ សម្រាប់ការបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិឡាវ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើទីលានពហុកីឡដ្ឋានជាតិស្អែកនេះ។ មិនតែប៉ុណ្ណោះ រូបគេក៏មានជំនឿចិត្តក្នុងការស្វែងរកជ័យជម្នះលើកដំបូងផងដែរ ក្រោយមើលឃើញភាពរីកចម្រើនរបស់ក្រុម ក្រោយធ្វើការហ្វឹកហាត់ផ្ទាល់ជាមួយអ្នកចាត់ការទូទៅក្រុមលោក Keisuke Honda លើកនេះ។

ឆ្លើយតបអ្នកសារព័ត៌មានក្នុងសន្និសីទស្ដីពីការប្រកួតរវាងកម្ពុជា និងឡាវ នៃពានរង្វាន់ AFF Suzuki Cup 2018 នៅសណ្ឋាគារភ្នំពេញកាលពីម្សិលមិញថា វិសាល បាននិយាយថា «សម្រាប់ការហ្វឹកហាត់ជាមួយលោក Honda លើកនេះ ខ្ញុំមានអារម្មណ៍ថា ពួកយើងចាប់បានច្រើន នូវអ្វីដែលគាត់បានណែនាំ បើធៀបនឹងកាលយើងប្រកួតជាមួយម៉ាឡេស៊ី។ ចឹងពួកយើងសង្ឃឹមថា នឹងបំពេញនូវចំណុចខ្វះខាតពីមុន ដើម្បីបង្ហាញនូវការប្រកួតដ៏ល្អមួយ សម្រាប់ការប្រកួតជាមួយឡាវថ្ងៃស្អែកនេះ»

ទន្ទឹមជាមួយគ្នាលោក Felix គ្រូបង្វឹកក្រុមរហស្សនាមគោព្រៃកម្ពុជាបានបញ្ជាក់ថា ការប្រកួតលើកនេះ កូនក្រុមខ្លួនមានពេលវេលាត្រៀមខ្លួនបានច្រើន ហើយលោកក៏បានស្គាល់ច្បាស់ពីគូប្រជែងរបស់ខ្លួន គឺក្រុមឡាវដែរ។ ហេតុនេះលោកបានប្រាប់កូនក្រុម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីប្រជែងលទ្ធផលដ៏ល្អក្នុងជំនួបថ្ងៃស្អែក។ ពិសេសលោកបានប្រាប់កូនក្រុម មិនត្រូវមានការធ្វេសប្រហែសឡើយ ទោះបីឡាវបានធ្លាក់ នៅសល់ត្រឹមការប្រកួតបង្គ្រប់កិច្ចជាមួយក្រុមគោព្រៃកម្ពុជាក៏ដោយ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បច្ចុប្បន្នមិនទាន់មានពិន្ទុរាប់នោះទេ ក្រោយឆ្លងកាត់ ២ប្រកួតចាញ់ទាំងអស់ ពោលគឺចាញ់ម៉ាឡេស៊ី ១-០ ក្នុងដី និងចាញ់មីយ៉ាន់ម៉ា ៤-១ ក្រៅដី។ ដូច្នេះកម្ពុជាសល់ ២ប្រកួតក្នុងដៃ គ្រាន់អ៊ុត ប្រសើរជាងក្រុមជម្រើសជាតិឡាវបន្ដិច ដោយសារឡាវ បានឆ្លងកាត់ ៣ប្រកួតបរាជ័យទាំង ៣ប្រកួត បានធ្លាក់ត្រឹមវគ្គជម្រុះមុនគេ សម្រាប់ពូល A។ ដូច្នេះការជួបកម្ពុជាស្អែកនេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់ពួកគេតែប៉ុណ្ណោះ៕