(ភ្នំពេញ)៖ ​អ្នកសិល្បៈ​កម្ពុជាមួយក្រុមបានបញ្ចប់ដំណើរទស្សនកិច្ចយ៉ាងជោគជ័យ ក្នុងព្រឹត្តិការណ៍កន្រ្ទឹមអាស៊ាន ដែលរៀបចំដោយក្រុមកន្រ្ទឹមប្រចាំខេត្តសុរិន្ទ ប្រទេសថៃ។ តំណាងសិល្បករកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងព្រឹត្តិការណ៍ ខណៈដែលតារាកម្ពុជាក៏បានដើរតួផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌របស់ខ្លួន បង្អួតភ្នែកជនជាតិថៃ និងភ្ញៀវអន្តរជាតិ ធ្វើឲ្យមានការចាប់អារម្មណ៍​ខ្លាំង។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំបែងចែកជាពីរ ដោយថ្ងៃទី១៦ វិច្ឆិកា រៀបចំនៅខេត្តសៀមរាបប្រទេសកម្ពុជា ដោយធ្វើពិធីសែនគ្រូ និង សម្ពោធផ្ទះកន្រ្ទឹមអាស៊ានទី១ ដើម្បីផ្សព្វផ្សាយថា កន្រ្ទឹមជាសិល្បៈដើមរបស់ខ្មែរ និងដើម្បីឲ្យខ្មែរនៅគ្រប់ទិសទី ​និងជាតិសាសន៍ដទៃ ​ដែលចង់អភិរក្សកន្រ្ទឹម មកសិក្សាស្វែង​យល់ សិល្បៈកន្រ្ទឹមនៅផ្ទះកន្រ្ទឹម​នៅសៀមរាប ដោយបើកចំហរ។ មួយថ្ងៃបន្ទាប់ នៅក្នុងប្រទេសថៃ ក៏ការរៀបចំការបង្ហាញម៉ូដ ច្រៀងរាំទ្រង់ទ្រាយធំ និងផ្សព្វផ្សាយពីកន្រ្ទឹម ដោយមានតារាខ្មែរ និងសិល្បករកន្រ្ទឹមល្បីៗ នៅគ្រប់ទិសទី​នៅក្នុងទូរទាំងខេត្តសុរិន្ទ និងប្រទេសថៃបង្ហាញខ្លួន។

លោក នូ សុភេន អនុប្រធាននាយកដ្ឋាន ផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា និង​លោក ផាត់ តារារដ្ឋ ស្ថាបនិក «គ្រួសារតារាកម្ពុជា»​ គឺជាអ្នកនាំតារាខ្មែរ និងរៀបចំទម្រង់សិល្បៈ ទៅផ្សព្វផ្សាយនៅទីនោះ ខណៈដែលតារានីមួយ ត្រូវបានជនជាតិថៃចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ជាពិសេសកញ្ញា រំដួលលិចទឹក និងកញ្ញា វណ្ណា វត្តី ដែលបានគ្រងឈុតតំណាងខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍នោះ។

តារាពីកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីគណកម្មការរៀបចំ និងថ្នាក់ដឹកនាំប្រចាំខេត្តសុរិន្ទ ដោយក្រៅពីការសម្ដែង ក៏មានការក៏រៀបចំពិធីជប់លៀងទទួលតារាខ្មែរ ការអញ្ជើញជាកិត្តិយសឲ្យតំណាងប្រទេស ក្នុងពិធីបុណ្យដំរីទ្រង់ទ្រាយធំ ដែលមានអ្នកទស្សនាខ្ទង់ម៉ឺននាក់ និងជូនដើរទស្សនកិច្ច​ ក្នុងតំបន់ប្រាសាទបុរាណ កន្លែងតំបាញសូត្រល្បីល្បាញរបស់ថៃ ទស្សនកិច្ចសារមន្ទីរអភិរក្សសិល្បៈកន្រ្ទឹម និងកន្លែងធ្វើគ្រឿងអលង្ការពីប្រាក់ និងត្បូងប្រចាំខេត្តជាដើម។ បងប្អូនខ្មែរនៅសុរិន្ទ ដែលជាម្ចាស់ដើមរបស់កន្រ្ទឹម បានប្រកាសយ៉ាងក្ដែងៗថា កន្រ្ទឹមគឺជារបស់ខ្មែរ នឹងបានកោតសរសើរពីការចូលរួមរបស់តារា និងប្រតិភូពីកម្ពុជាយ៉ាងខ្លាំង ដោយតាមគម្រោងព្រឹត្តិការណ៍នឹងធ្វើកាន់តែធំជាងនេះ ទៅទៀតនៅឆ្នាំក្រោយ។

បងប្អូនខ្មែរសុរិន្ទ បញ្ជាក់នៅក្នុងព្រឹត្តិការណ៍នោះថា ខ្លួននឹងស្វាគមន៍រាល់បងប្អូនខ្មែរកណ្ដាល ខ្មែរក្រោម និងជាតិសាសន៍ទាំងឡាយដែលចង់រៀនកន្រ្ទឹមដោយឥតគិតថ្លៃ ដើម្បីឲ្យសិល្បៈរបស់ដូនតាខ្មែរមួយនេះ ត្រូវបានអភិរក្ស។ ក្នុងការស្វាគមន៍នោះ ក៏មានពិធីបួងសួង សកម្មភាពរាំលេងបង្កើនមិត្តភាពរវាងសុរិន្ទ និងកម្ពុជា និងពិធីគួចដៃដល់តារាខ្មែរឲ្យមានសិរីសួស្ដិ ដែលជាប្រពៃណីរបស់ជនជាតិខ្មែរសុរិន្ទដល់តារាខ្មែរ មុនពេលចាកចេញមកកម្ពុជាយ៉ាងកក់ក្ដៅផងដែរ៕