(ភ្នំពេញ)៖ អតីតតារាសម្ដែង និងជាតារាបង្ហាញម៉ូដល្បីល្បាញ ​កញ្ញា ប្រាសាទ ដាវីន ត្រូវបានគេដឹងថា នាងកំពុងតែមានវត្តមាននៅក្នុង​ប្រទេសកម្ពុជា ហើយនឹងត្រូវត្រឡប់​ ទៅកាន់ប្រទេសអូស្ត្រាលីវិញ នៅអំឡុងដើមខែមករា ឆ្នាំ២០១៩​ ខាងមុខនេះ ដើម្បីទៅរស់នៅទីនោះ ព្រោះនាងទទួលបានសញ្ជាតិអូស្ត្រាលី ក្នុងការរស់នៅស្របច្បាប់​។ អ្វីដែលជាការចាប់អារម្មណ៍​សម្រាប់ ប្រាសាទ ដាវីន គឺខណៈដែលនាងកំពុងតែលេចវត្តមាន នៅក្នុងប្រទេសកំណើត គឺមានផលិតករជាច្រើន បានទាក់ទងនាងថតភាពយន្ត ប៉ុន្តែត្រូវបាននាងបដិសេធ ហើយការបដិសេធនេះ ត្រូវបានទស្សនិកជន ដាក់ការសង្ស័យថា ព្រោះតែស្រមោលអតីតកាល ពាក់ព័ន្ធនឹងការគំរាមកំហែង ដល់អាយុជីវិតរបស់នាង នៅតែតាមលងបន្លាច។

យោងតាមប្រភពព័ត៌មាន ពីអ្នកដែលនៅជិតស្និទ្ធនឹង ប្រាសាទ ដាវីន បានលួចព្រលយឲ្យដឹងថា ​រយៈកាលជាច្រើនខែដែលនាង ​បានមកលេងប្រទេសកំណើត បានធ្វើឲ្យចាងហ្វា​ង​ផលិតកម្មនានា និងផលិតករភាពយន្តជាច្រើន បានទំនាក់ទំនងនាង ឲ្យចូលរួមសម្ដែងភាពយន្តរបស់ខ្លួន។ ប៉ុន្តែជាចម្លើយតបមកវិញ គឺអតីតតាតាសម្ដែងសិចស៊ីរូបនេះ បានធ្វើការបដិសេធ ដោយសំអាងថា នាងពុំមានពេលវេលាគ្រប់គ្រាន់ សម្រាប់ថតខ្សែភាពយន្ត។ តែយ៉ាងណាមហាជនបានគិតថា នាងអាចព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនច្រើនជាង។

ប្រភពព័ត៌មានបានប​ន្តថា ប្រាសាទ ដាវីន មកលេងស្រុកលើកនេះបានច្រើនខែ​ ហើយចេញចូលៗស្រុកខ្មែរញឹកញាប់។ ចំពោះការដែលនាងមិនទាន់ទទួលថតកុននោះ គឺដោយសារតែនាង ខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ឲ្យគេ ព្រោះការថតកុនត្រូវការពេលវេលាយូរថ្ងៃ ហើយនាងត្រូវទៅវិញនៅខែមករា​។ ​តែទោះជាមិនបានទទួលថតកុនក្ដី ប៉ុន្តែនាងបានទទួលថតសំអាងការ និងដើរម៉ូដជាច្រើនកម្មវិធីផងដែរ។

គួររំឭកថា ប្រាសាទ ដេវីន គឺជាតារាសម្ដែង និងជាតារាម៉ូដែលស្រីមួយដួង ដែលមានទេពកោសល្យពិតពីធម្មជាតិ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ ដែលកម្រមាននារីណាមានសម្រស់ធម្មជាតិស្អាតដូចនាង។ តារារូបនេះ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀសខ្លួន ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។ យ៉ាងណាមិញ ទោះត្រូវឃ្លាតឆ្ងាយពីពិភពសិល្បៈមួយរយៈធំក៏ដោយ ប៉ុន្ដែកាលពីឆ្នាំ២០១៦ កន្លងទៅនេះ គេក៏ឃើញ ប្រាសាទ ដេវីន មានវត្តមានក្នុងវិស័យសិល្បៈខ្មែរឡើងវិញ។

​ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshe girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះនាងមានវ័យ១៧ឆ្នាំ នាងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ កំពស់ ១,៧៥​ ម៉ែត្រ។ បន្ទាប់ពីមកលេងស្រុកជាច្រើនខែ​ ពេលនេះ​នាងត្រូវវិលត្រឡប់ទៅអូស្ត្រាលីវិញ នៅខែមករា ឆ្នាំ២០១៩ នេះហើយ តែអាចចុះឡើងៗ មកលេងស្រុកខ្មែរ ឲ្យបានញឹកញាប់ជាងមុន៕