(ភ្នំពេញ)៖​ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ បានបញ្ចប់ហើយ ក្រោយដំណើការប្រកួត កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញ នៅជាន់ទី៥ នៃអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានចម្រាញ់បាននូវកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសគឺការត្រៀមស៊ីហ្គេម លើកទី៣០ នាចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនទៀតផង។

ការប្រកួតថ្នាក់ជាតិរយៈពេល ១ថ្ងៃនេះ គឺមានកីឡាករ-កីឡាការិនីជិត ៥០នាក់មកពី ៥ក្លឹបចូលរួម ដូចជាក្លឹប New Trend, ក្លឹបចំប៉ីស, ក្លឹបពន្លកថ្មី, ក្លឹបសាល West Line និងក្លឹបសាលា AIS ហើយក៏មានការចូលរួមពីថ្នាក់ដឹកជាច្រើនផងដែរ រួមមានលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា អនុរដ្ឋេលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជាជាដើម។

លោកជំទាវ ញ៉ែម មរកត បានបង្ហាញនូវមោទនភាពជាខ្លាំង ក្រោយមើលឃើញភាពរីកចម្រើនជារៀងរាល់ឆ្នាំរបស់កីឡារាំកម្ពុជា ដើម្បីបង្កើតធនធានកីឡាករ-កីឡាការិនីឆ្នើម និងងាយស្រួលក្នុងការចម្រាញ់បញ្ជូនទៅចូលរួមប្រកួតលើឆាកអន្ដរជាតិ។ ជាក់ស្ដែងជើងឯកថ្នាក់ជាតិឆ្នាំនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ ចំពោះកីឡាករ-កីឡាការិនីកម្ពុជា ពិសេសថ្នាលយុវជន ដែលសបញ្ជាក់ឲ្យឃើញថា សហព័ន្ធកាន់តែរឹងមាំ និងមានធនធានកីឡាករ-កីឡាការិនីល្អៗជាច្រើន សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

បន្ថែមលើនេះ ប្រធានសហព័ន្ធដដែល បានជំរុញដល់កីឡាករ-កីឡាការិនីដណ្ដើមបានជ័យលាភី ត្រូវបានការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ខាងមុខផងដែរ។ លោកជំទាវថា ដោយសារកីឡាករ-កីឡាការិនីរាំកម្ពុជា ទើបដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ នៅទីក្រុងហុងកុង កាលពីពេលថ្មីៗ ហេតុនេះលោកជំទាវរំពឹងយ៉ាងមុតមាំ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំក្រោយ កីឡាករ-កីឡាការិនីរាំកម្ពុជា និងបង្កើតកំណត់ត្រាថ្មីមួយទៀត គឺការដណ្ដើមមេដាយត្រឡប់មកជូនជាតិមាតុភូមិខ្លួនវិញ។

ដោយឡែកទ្ធផលប្រកួតរួមមាន៖ វិញ្ញាសា Latin-Cha Cha Cha ឯកត្តជន មេដាយមាស កីឡាការិនី អ៊ឹង ខេមរាមបូរមីច័ន្ទ, មេដាយប្រាក់ កីឡាការិនី ចំរើន រក្សា និងមេដាយសំរឹទ្ធ កីឡាករ គង់ សុវិឡា។ វិញ្ញាសា Latin 1 Dance-Paso បុរស-នារី មេដាយមាស កីឡាការិនី ហ៊ាន លក្ស៊ី និងកីឡាករ ភុន ស៊ីវុត្រា, មេដាយប្រាក់ កីឡាការិនី សាន រ៉ូហ្សា និងកីឡាករ សេង សុគីម និងមេដាយសំរឹទ្ធ កីឡាការិនី ឱ រក្សា និងកីឡាករ ជុំ លីហៀង។ វិញ្ញាសា Latin 4 Dances ក្រោមអាយុ ១៤ឆ្នាំឯកត្តជន មេដាយមាស កីឡាការិនី សុខ ចិន្ដា, មេដាយប្រាក់ កីឡាការិនី ឱ រក្សា និងមេដាយសំរឹទ្ធ កីឡាការិនី អ៊ុយ ចាន់ទូចស្រីនាថ។

ដោយឡែកវិញ្ញាសា Latin 1 Dance-Rumba មេដាយមាស កីឡាការិនី យី អ៊ីលីង និងកីឡាករ ជុំ ភូណាន់, មេដាយប្រាក់ កីឡាការិនី សាន រ៉ូហ្សា និងកីឡាករ សេង សុគីម និងមេដាយសំរឹទ្ធ កីឡាការិនី ម៉ូវ ដានីតា និងកីឡាការិនី ម៉ូវ ដាវីន។ វិញ្ញាសា Latin 1 Dance-Cha Cha Cha មេដាយមាស កីឡាការិនី សាន រ៉ូហ្សា និងកីឡាករ សេង សុគីម, មេដាយប្រាក់ កីឡាការិនី យី អ៊ីលីង និងកីឡាករ ជុំ ភូណាន់ និងមេដាយសំរឹទ្ធ កីឡាការិនី ហ៊ាន លក្ស៊ី និងកីឡាករ ភុន ស៊ីវុត្រា ។ វិញ្ញាសា Standard 1 Dance-Slow Waltz មេដាយមាស កីឡាការិនី សុខ និដាណាត់ និងកីឡាករ ភុន ស៊ីវុត្រា, មេដាយប្រាក់ កីឡាការិនី យី អ៊ីលីង និងកីឡាករ ជុំ ភូណាន់ និងមេដាយសំរឹទ្ធ កីឡាការិនី ហ៊ាន លក្ស៊ី និងកីឡាករ សេង សុគីម។

ចំណែកវិញ្ញាសា Latin 4 Dances រាំជាគូក្រោមអាយុ ១៤ឆ្នាំ មេដាយមាស កីឡាការិនី ឱ រក្សា និងកីឡាករ សេង សុគ័ង, មេដាយប្រាក់ កីឡាការិនី យូ បារីស និងកីឡាករ សារិន រស្មីពណ្ណរាយ និងមេដាយសំរឹទ្ធ កីឡាការិនី ណាប់ ម៉ូល្លិកាទេពី និងកីឡាករ ឱ មេត្ដា។ វិញ្ញាសា Latin 4 Dances រាំជាគូលើអាយុ ១៤ឆ្នាំ មេដាយមាស កីឡាការិនី សាន រ៉ូហ្សា និងកីឡាករ សេង សុគីម, មេដាយប្រាក់ កីឡាការិនី ហ៊ាន លក្ស៊ី និងកីឡាករ ភុន ស៊ីវុត្រា និងមេដាយសំរឹទ្ធ កីឡាការិនី យី អ៊ីលីង និងកីឡាករ ជុំ ភូណាន់៕