(ហ្សាគ្រីប)៖ អ្នកចាត់ការក្រុមជម្រើសជាតិក្រូអាត លោក Zlatko Dalic បានថ្លែងថា ក្រុមរបស់លោកនឹងត្រូវប្រកួត Nations League ដោយអវត្តមានខ្សែបម្រើ Ivan Rakitic ដោយសារបញ្ហារបួសកាលពីប៉ះជាមួយក្រុមអេស្ប៉ាញ។

ក្រូអាត ត្រូវប៉ះក្រុមអង់គ្លេស ក្នុងវគ្គសន្សំពិន្ទុចុងក្រោយក្នុងពាន UEFA Nationals League នាថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងឡុងដ៍ ប្រចាំពូល A ក្រុម៤ នៅកីឡដ្ឋាន Wembely។

លោក Dalic បានបញ្ជាក់អំពីព័ត៌មានពាក់ព័ន្ធនឹងរបួសរបស់ Rakitic នៅឯអាកាសយានដ្ឋាន Zagreb ដោយត្រូវបញ្ជូនកីឡាកររូបនេះត្រឡប់ទៅក្លឹប Barcelona វិញ ដើម្បីធ្វើការព្យាបាលជាបន្ទាន់។

របួសរបស់ Rakitic ផ្តល់ផលលំបាកសម្រាប់ក្លឹប FC Barcelona ទោះរូបគេមិនមានឈ្មោះលេងក្នុងការប្រកួតបន្ទាប់នៅ La Liga ក្នុងទឹកដីគូប្រជែងតំណែងជើងឯក Atletico Madrid នៅថ្ងៃសៅរ៍សប្ដាហ៍ក្រោយ ដោយសារទួលបានកាតក្រហមក្នុងការប្រកួតចុងក្រោយដែល Barcelona ចាញ់ក្រុម Real Betis ក្នុងលទ្ធផល ៣-៤ ក៏ដោយ៕