(ភ្នំពេញ)៖ ខណៈតារាសម្តែងល្បីឈ្មោះបោះសំឡេង ដែលមានភាពលេចធ្លោក្នុងរឿងភាគ «ផ្កាថ្ម» គឺ លោក ណាខុន បានងាកមកចាប់មុខរបរផ្សេងមួយទៀត ក្រៅពីអាជីពសិល្បៈ គឺផលិតទឹកអប់ ដាក់ Brand ឈ្មោះរបស់ខ្លួនឯងតែម្តង​ គឺម៉ាក NK Nakhon។

ជាការកត់សម្គាល់ តារាសម្តែងរូបនេះ បច្ចុប្បន្នកំពុងតែមានភាពមមាញឹកខ្លាំង ក្នុងការសម្តែងភាពយន្ត ហើយថែមទាំងបង្កើន​ការងាររបស់ខ្លួនទៀតផង ដែលនេះអាចបញ្ជាក់ឱ្យឃើញថា លោកកំពុងតែក្តោបបានឱកាសល្អ ដើម្បីកើបលុយទុក ទាន់ខ្លួននៅក្មេង និងមានប្រជាប្រិយភាព។ សម្រាប់ការចំណាយប្រាក់ផលិតទឹកអប់ ដោយដាក់ Brand ឈ្មោះរបស់ខ្លួនឯងតែម្តង​ គឺម៉ាក NK Nakhon លោកបានបង្ហើបថា នឹងដំណើរការលក់តាមអនឡាញ ចាន់ពីថ្ងៃសៅរ៍ ទី១៧ វិច្ឆិកា ២០១៨ នេះតទៅ។

ណាខុន បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា «ដោយសារតែមានចិត្តស្រឡាញ់ និងចង់បង្កើតស្នាដៃរបស់ខ្លួន និងកំពុងតែមានឈ្មោះបោះសំឡេងផងនោះ ទើបជម្រុញឱ្យលោក នឹកឃើញផលិតទឹកអប់ ដោយដាក់ឈ្មោះ NK Nakhon ផ្ទាល់តែម្តង»

លោកថា «ទឹកអប់នេះ ផ្សំពីវត្ថុធាតុដើម នៅប្រទេសបារាំង និង ធ្វើការវេចខ្ចប់នៅហុងកុង ចំណែកគុណភាព គឺមានក្លិនជាប់ ២៤ម៉ោង ធានាថា បុរសៗទាំងអស់នឹងជាប់ចិត្ត ជាមួយនឹងក្លិនបែបទាន់សម័យ ចំណែកតម្លៃវិញគឺសមរម្យ ដែលអាចឱ្យអ្នកប្រើប្រាស់ ទទួលយកបានទាំងគុណភាព និងតម្លៃ។ ទាក់ទងនឹងការចំណាយដើមទុន សម្រាប់ផលិតទឹកអប់ Brand ផ្ទាល់ខ្លួននេះ មានទឹកប្រាក់យ៉ាងណានោះ ណាខុន មិនទាន់បញ្ជាក់ពីចំនួនពិតប្រាកដនោះទេ»

យ៉ាងណាមិញ ងាកមករឿងផ្ទាល់ខ្លួនវិញ ណាខុន ត្រូវបានអ្នកគាំទ្រជាច្រើន នាំគ្នាផ្គូរផ្គងជាមួយនឹងតារាសម្តែងស្រី សំដីផ្អែម ទឹកមុនឆ្នាស់ឆ្នើម កញ្ញា ឌុច លីដា ព្រោះពួកគេជឿថា អ្នកទាំងពីរពិតជាសាកសមជាគូនឹងគ្នាណាស់ ខណៈមួយរយៈចុងក្រោយនេះ អ្នកទាំងពីរ ហាក់បីដូចជាមិនសូវមមាញឹកថតរឿងជាមួយគ្នាទេ ប៉ុន្តែពួកគេប្រៀបបីដូចលលក ញីឈ្មោលអ៊ីចឹង ទៅណាមកណា គឺបណ្តើរគ្នាត្រសងតែម្តង៕​