(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានរកឃើញម្ចាស់ពានផ្សេងៗ នៃកម្មវិធី Cambodian Football Award 2018 ស្របពេលខ្សែប្រយុទ្ធក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) កីឡាករ នួន បូរី ទទួលបានពាន ៤ ម្នាក់ឯងស្ទើរមិនគួរឲ្យជឿ។ កម្មវិធីនេះ បានទៅធ្វើឡើង នៅមជ្ឈមណ្ឌល The Premier Center Sen Sok កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ។

សម្រាប់ពានដែល នួន បូរី ទទួលបានរួមមានពានរង្វាន់កីឡាករល្អជាងគេ និងកីឡាករទាត់បញ្ចូលទីច្រើនជាងគេចំនួន ៧គ្រាប់ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ខណៈពាន ២ទៀត គឺជាពានរៀបចំដោយ CNCC ដែលសម្រេចដោយគណៈកម្មការជំនាញ ដោយផ្អែកលើការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រួមមានពានកីឡាករក្នុងស្រុកទាត់បញ្ចូលទីច្រើនជាងគេ អាយុក្រោម ២៣ឆ្នាំ និងពានកីឡាករក្នុងស្រុកទាត់បាល់បញ្ចូលទីច្រើនជាងគេ។

ចំណែកពានឯទៀត រួមមានពាននៃការប្រកួតពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨៖ ក្រុមជើងឯកគឺក្រុមក្រសួងការពារជាតិ(ទ័ព), ក្រុមជើងឯករងក្រុមប៉ូលិស, លេខ៣ ស្ទួន គឺមានក្រុមណាហ្គាវើល និងក្រុមអង្គរថាយហ្គឺរ, គ្រូបង្វឹកល្អលោក ភា សុភ័ក្ដ្រា គ្រូបង្វឹកទ័ព, ពានអ្នកចាំទីល្អជាងគេ បានទៅកីឡាករទ័ព អ៊ុ សេរីរ័ត្ន, ក្រុមលេងល្អជាងគេ Fair-Play បានទៅក្រុមប៉ូលិស, និងពានក្រុមអាជ្ញាកណ្ដាលល្អជាងគេ រួមមានលោក ស្រី សុវណ្ណារ៉េត, លោក យួន វិរៈ, លោក គឹម ស៊ីពិសាល និងលោក ហាន សោភ័ណ្ណ។

រីឯលីគកំពូលកម្ពុជា ក្រុមជើងឯក គឺក្រុមណាហ្គាវើល, ក្រុមជើងឯករង បឹងកេតអែហ្វស៊ី និងក្រុមលេខ៣ វិសាខា, ពានគ្រូបង្វឹកល្អជាងគេ បានទៅលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល, កីឡាករល្អ បានទៅកីឡាករវិសាខា Choe Myong Ho, អ្នកទាត់ចូលទីច្រើនជាងគេ កីឡាករ Bisan George  របស់ណាហ្គាវើលរកបាន ២៨គ្រាប់, អ្នកចាំទីល្អ បានទៅកីឡាករណាហ្គាវើល សំរិទ្ធ សីហា, ក្រុម Fair-Play បានទៅក្រុមណាហ្គាវើល ខណៈក្រុមអាជ្ញាកណ្ដាលល្អមានលោក លឹម ប៊ុនធឿន, ជួប វិសាល, ស៊ុន ចាន់ភារិទ្ធ និងលោក ហេង សុខលី។

ដោយឡែកពានរង្វាន់រៀបចំដោយ CNCC ដែលកើតចេញពីការបោះឆ្នោតលើបណ្ដាញសង្គម និងសម្រេចដោយគណៈកម្មការជំនាញ រួមមានពានអ្នកគាំទ្របាល់ទាត់សកម្ម បានទៅព្រឹទ្ធារ្យ អ៊ំ សួន, ក្លឹបមានអ្នកគាំទ្រចូលរួមទស្សនាច្រើនជាងគេ គឺក្លឹបអង្គរថាយហ្គឺរ, កីឡាករក្នុងស្រុកល្អជាងគេ និងកីឡាការមានប្រជាប្រិយភាពជាងគេ បានទៅកីឡាករចាស់វស្សា គួច សុកុម្ភៈ,  គ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ គឺលោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត, កីឡាករមានរាងសង្ហាជាងគេ គឺខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា, អ្នកគាំទ្រមានប្រជាប្រិយភាពជាងគេ ឈ្មោះ ប៊ុត ផលត្រាវិទ្យា និងអ្នកថតរូបសារព័ត៌មានមានប្រជាប្រិយភាពជាងគេ បានទៅលោក សួន សាយ័ន្ដសន្យា ២ឆ្នាំជាប់គ្នា៕