(ភ្នំពេញ)៖ កីឡាករ អ៊ុក សុធី ដែលជាប្រធានក្រុមភ្នំពេញក្រោនថា ពេញចិត្តនូវការបង្វឹករបស់គ្រូបង្វឹកថ្មី Leonardo Vitorino បើទោះបីជាទើបធ្វើការហ្វឹកហាត់ជាមួយគ្នាក្នុងរយៈពេលខ្លីក៏ពិតមែន។

កីឡាករខ្សែបម្រើកណ្តាលរូបនេះបានលើកឡើងថា «គ្រូបង្វឹកថ្មីរបស់យើងនេះគឺគាត់ដឹងថា ក្រុមរបស់យើងមានការខ្វះខាតនូវកម្លាំង ដូច្នេះគាត់ផ្តោតច្រើនលើការហាត់កម្លាំង និងការលេងជាមួយគ្នាឲ្យបានច្រើន។ ខ្ញុំយល់ថាវាជាចំណុចល្អ ដែលគាត់ផ្តោតលើកម្លាំងនេះ ហើយជាដំបូងនេះយើងហត់ពិតមែន ប៉ុន្តែខ្ញុំជឿជាក់ថាយើងនឹងមានកម្លាំងល្អនៅពេលដែលយើងប្រកួតនាពេលខាងមុខ»

សុធី ឬ Messi របស់ភ្នំពេញក្រោន គឺជាកីឡាករ១រូបដែលបានរួមរស់ជាមួយក្លឹបបានយូរជាងគេ ពោលគឺរូបគេបានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនអស់រយៈកាលជាង៦ ឆ្នាំមកហើយបន្ទាប់ពីបានមានវត្តមាននៅទីនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅ ក្រោយពីបានចាកចេញពីក្រុម Flying Bikes រួចមក។ ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះ ក៏ធ្លាប់បានចូលលេងក្នុងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាផងដែរនាពេលកន្លងមក។

គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកថ្មី Leonardo បង្វឹកច្រើនដោយផ្តោតលើកម្លាំង ក្នុងដំណាក់កាលដំបូងនេះ ព្រោះគាត់យល់ថា វាជាកង្វះខាតដែលក្រុមរបស់យើងត្រូវបំពេញបន្ថែមទៀត៕