(ក្រុងឡុងដ៍)៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ត្រូវបានដាក់សំណើជាផ្លូវការ ទៅឱ្យក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ FIFA ក្នុងការដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ទៅក្នុងការប្រកួតរបស់ខ្លួន។

ប្រព័ន្ធតាមដាន VAR ត្រូវគេប្រើប្រាស់ក្នុងការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅរុស្ស៊ី ប្រកបដោយជោគជ័យ និងកំពុងដំណើរការនៅក្របខណ្ឌកំពូលអ៊ីតាលី និងលីគកំពូលអាល្លឺម៉ង់ផងដែរ។ លើសពីនេះទៀត VAR ក៏ត្រូវបានគេប្រើនៅក្នុងការប្រកួតពានរង្វាន់ FA Cup និង League Cup ដែលជាពានលំដាប់ទី២ និងទី៣ របស់អង់គ្លេសរួចហើយ ក្រោយទទួលបានការឯកភាពពីបណ្តាក្លឹបជាច្រើនដែលកំពុងលេងនៅ Premier Leauge។

លោក Mark Halsey អាជ្ញាកណ្តាលមួយរូបរបស់អង់គ្លេសបានប្រាប់ថា វាពិតជាល្អណាស់ក្នុងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមួយនេះ ព្រោះថាដូចជារូបលោកក៏មិនអាចមើលឃើញ គ្រប់ការប្រជែងរវាងកីឡាករទាំងអស់បានទេ ក៏ដូចជាការប្រកួតរវាង Southampton ទល់នឹង Watford ដែលមានគ្រាប់បាល់ចូលទីដោយបាល់ Offside ផងនោះ។

VAR ក៏នឹងត្រូវបានប្រើប្រាស់នៅក្នុងការប្រកួតក្របខណ្ឌកំពូលរបស់អ៊ីរ៉ុប Champions League ចាប់ពីរដូវកាលក្រោយ។

ប្រព័ន្ធ VAR ត្រូវបានបង្កើតឡើងដើម្បីជាជំនួយការរបស់អាជ្ញាកណ្តាល ដែលអាចប្រាប់ដល់កំហុសរបស់កីឡាករក្នុងការប្រកួតប្រជែងលើទីលានបានយ៉ាងច្បាស់៕