(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Wayne Rooney ត្រូវបានតែងតាំងធ្វើជាប្រធានក្រុម និងពាក់អាវលេខ១០ដដែល ក្នុង១ប្រកួតចុងក្រោយ ដើម្បីលាជម្រើសជាតិអង់គ្លេសរាត្រីនេះ ពេលប៉ះក្រុមភ្ញៀវសហរដ្ឋអាមេរិក នាម៉ោង ៣៖០០នាទីទៀតភ្លឺក្នុងមិត្តភាពអន្តរជាតិ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា រាប់ទាំង១ប្រកួតនាយប់នេះទៀត គម្រប់១២០ប្រកួតរបស់កីឡាករវ័យ ៣៣ឆ្នាំ Rooney ក្នុងក្រុមតោកំណាចអង់គ្លេស ក្នុងនាមជាកីឡាករដែលរកគ្រាប់ស៊ុតបញ្ចូលទីបានចំនួន ៥៣គ្រាប់ច្រើនជាងគេផងដែរ គិតចាប់តាំងពីបានជាប់ជម្រើសជាតិដំបូងនាឆ្នាំ២០០៣មក។

សូមរំលឹកផងដែរថា កីឡាករដែលកំពុងប្រកបអាជីពនៅទឹកដីអាមេរិក ក្នុងក្លឹប Washington D.C នោះ បានប្រកាស លាឈប់ពីក្រុមជម្រើសជាតិអង់គ្លេស តាំងពីឆ្នាំ២០១៧ បន្ទាប់មិនត្រូវបានគ្រូបង្វឹកអង់គ្លេសបច្ចុប្បន្ន Gareth Southgate ជ្រើសរើសចូលក្រុមនោះ៕