(ក្រុងឡុងដ៍)៖ លោក Claudio Ranieri ដែលជាអតីតអ្នកចាត់ការក្លឹប Chelsea និង Leicester City ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លឹប Fulham ជំនួសលោក Slavisa Jokanovic ដែលត្រូវបានដកចេញពីតួនាទីកាលពីថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

Fulham កំពុងស្ថិតក្នុងចំណោមក្លឹបដែលបានចំណាយប្រាក់យ៉ាងច្រើនក្នុងអំឡុងពេលដោះដូរកីឡាករ ដោយក្លឹបនេះបានចំណាយអស់ប្រហែល ១០០លានផោន ដើម្បីពង្រឹងក្រុម ក្រោយពេលដែលបានឡើងមកពីលីគទី២ Championship របស់អង់គ្លេស។

Fulham បានទិញកីឡាករដែលមានការចំណាយច្រើនរួមមានកីឡាករ Jean Seri ដែលធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅ Barcelona កីឡាករជម្រើសជាតិអាល្លឺម៉ង់ Andre Schurrle កីឡាករ Aleksandar Mitrovic និង Alfie Mawson។

លោក Ranieri ធ្លាប់ជួយឲ្យក្លឹបកញ្ជ្រោងខៀវ Leicester ឈ្នះជើងឯក Premier League ក្នុងរដូវកាលឆ្នាំ២០១៥-២០១៦ បាននិយាយថា ក្រុមកីឡាករនៅ Fulham មានទេពកោសល្យ មិនស័ក្ដិសមនឹងឈរនៅបាតតារាងនោះទេ ខ្ញុំដឹងថាក្រុមមួយនេះមានសមត្ថភាពអាចធ្វើបានល្អជាងនេះ យើងបង្ហាញសមត្ថភាពរបស់ក្រុមកីឡាករ​ដោយជួបប្រកួតជាមួយក្លឹប Southampton នៅទឹកដី The Cottage។

លោក Ranieri បានប្រាប់គេហទំព័ររបស់ក្លឹប Fulham ថា «ខ្ញុំមានកិត្តិយសណាស់ដែលទទួលបានតួនាទីជាអ្នកចាត់ការ Fulham ជាក្លឹបដ៏អស្ចារ្យមួយដែលមានប្រវត្តិដ៏ល្អ និងប្រពៃណីដ៏យូរលង់មកហើយ»

លោក Ranieri ត្រូវដឹកនាំក្លឹប Fulham ទៅប៉ះក្លឹប Southampton នៅថ្ងៃទី២៤ ខែវិច្ឆិកា ខណៈអតីតក្លឹបចាស់របស់លោក Leicester នឹងមកកាន់ទឹកដី Fulham នៅដើមខែក្រោយ៕