(ភ្នំពេញ)៖ តារា​សម្ដែងស្រី​និយមលេងខ្លួន​សិចស៊ី​ សួង សាខារ៉ានីត បាន​បង្ហាញអោយដឹងពី​អារម្មណ៍​ភ័យ​រន្ធត់ ពេលថត ​ត្រង់​ឈុត​ឆាក​​ចោរ​មក​វះ​យក​​កូន​ពី​​ផ្ទៃ​របស់នាង ទាំងពុំ​ទាន់គ្រប់​ខែ ​ពោលគឺទើបតែបាន​៤​ទៅ៥ខែ ដើម្បីយក​ទៅ​ធ្វើ​ជា​កូនក្រក​។​ ថ្វីត្បិត​​តែពេល​សម្ដែង ​​​គេ​មិន​បាន​វះ​កាត់​​យក​កូន​ចេញ​ពីពោះ​ក៏​ពិត​មែន​ តែ​នាង​មាន​អារម្មណ៍ភ័យរន្ធត់ ​ស្រៀវ​ឆ្អឹង​ខ្នង​ និង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ ​ខណៈ​​តួ​អង្គ​ក្នុង​រឿង​យក​កាំបិត​ ពិត​មុខ​ឡើង​ស្រួច​​មក​​​ចាក់​ទម្លាយ​ពោះ​​នាង ដើម្បី​បាន​កូន​យក​ទៅ​ធ្វើ​កូនក្រក។

អ្វី​ដែល​កាន់​តែ​​​គួរ​ឲ្យ​ខ្លាចខ្លាំង​ជាង​នេះ ​​ត្រង់​ឈុត​ឆាកដដែល​ គឺត្រូវសម្ដែង​នៅ​ពេល​យប់​ទៀត ​​ទើប​នាង​មានការបារម្ភ​ខ្លាច​ មាន​ផ្លូវ​ងងឹត​ណា​មួយ​មក​លេង​សើច ​​​ហើយ​ចូល​សណ្ឋិត​ជ្រុល​ដៃ ​ចាក់​មក​លើ​ខ្លួន​មែន​ទែន។ យ៉ាងណាមិញ ​មិន​​មាន​បញ្ហា​​អ្វី​កើត​ឡើង​ឡើយ ព្រោះ​មុន​ពេល​ថត ​ក្រុម​ការងារ​ក៏​ដូច​ជា​តួ​សម្ដែង​ក្នុង​រឿង​ទាំង​អស់ ​បាន​អុជ​ធូប​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​រួច​រាល់​ហើយ។

តារាសិចស៊ី សួង សាខារ៉ានីត បានថ្លែងប្រាប់ឲ្យដឹងថា «​ចា៎បង ! ពេលថតវះយកកូន គឺមានអារម្មណ៍ថាភ័យ រន្ធត់មែនទែន ក្រោយពេលដែលឃើញ កាំបិតចុងស្រួច ទោះបីជាដឹងថា ខ្ញុំដឹងថា គេមិនបានសម្លាប់មែនទែន​ក៏ដោយ ប៉ុន្តែមានអារម្មណ៍ថា ស្រៀវឆ្អឹង នៅពេលដែលគេយកកាំបិត​មែនទែន មករកចាក់..! ណាមួយប្លង់ហ្នឹងត្រូវថត​ពេលយប់ ខ្ញុំបារម្ភខ្លាចតែមាន អ្នកផ្លូវងងឹត ណាមួយមកលេងសើច ហើយ​ចូល​សណ្ឋិត​ជ្រុល​ដៃ ​ចាក់​មក​លើ​ខ្លួន​មែន​ទែន​...!»។ ​

គួរបញ្ជាក់ថា តារាសម្ដែង សួង សុខារ៉ានីត បានប្រឡូកចូល​វិស័យសិល្បៈអស់រយៈពេល ច្រើនឆ្នាំមកហើយ ដោយបានសាងកេរ្តិ៍ឈ្មោះ ជាតារាសម្ដែងល្បីខ្លាំងគួរសម ប៉ុន្តែភាគច្រើននាងតែងតែ​ត្រូវបានផលិតករ ឲ្យ​សម្ដែង​ជាតួម្ដាយ។ ជាក់ស្ដែងដូចរឿង «កូនក្រក» នេះជាដើម ដែលនាងបានសម្ដែងជាតួម្ដាយ ដែលត្រូវស្វាមីខ្លួន​វះយកកូន ធ្វើជាកូនក្រក៕