(ភ្នំពេញ)៖ ផលិតករកម្មវិធីកម្សាន្ត លោក ចា​ រិទ្ធី បានសម្តែងអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីមានព័ត៌មាននៃការបែកធ្លាយ លើតារាចម្រៀងប្រុសលោក ប៊ុត សីហា ជុំវិញករណីមិនគោរពពេលវេលាច្រៀង ក្នុងកម្មវិធីប្រគំតន្រ្តីមួយ កាលពីថ្មីៗកន្លងមកនេះ ខណៈលោកចាត់ទុកថា ខ្លួនលោកផ្ទាល់មានតែអាណិត ប៊ុត សីហា ទៅវិញទេ។

លោក ចា រិទ្ធី បានសរសេរសំណេរ ភ្ជាប់ជាមួយចំណងជើងអត្ថបទនៃការចុះផ្សាយនោះថា «សួស្ដីប្អូនប្រុស ប៊ុត សីហា ​ជាទីស្រឡាញ់ បងទើបបានឃើញតាមរយៈបណ្ដាញសង្គម Facebook គេចុះពីបញ្ហាប្អួន និងបង ពេលបងបានអានហើយ បងមានអារម្មណ៍អាណិតប្អូនណាស់ មិនគួរណារឿងតូចសោះ បែរក្លាយទៅជារឿងធំ ហើយម្យ៉ាងទៀតបងខ្លាចប្អូនយល់ច្រឡំថា រឿងនេះត្រូវបានធ្លាយចេញពីបង»

ផលិតកររូបនេះបានបញ្ជាក់ថា «បងសូមប្រាប់ប្អូនថា រឿងប្អូនមកច្រៀង ឬមិនមកច្រៀងវាជារឿងតូចណាស់សម្រាប់រូបបង ព្រោះកន្លងមកបងតែងតែជួបរឿងបែបនេះជារឿយៗ គឺមានតារាចម្រៀងខ្លះ ដល់ម៉ោងផ្សាយ​ផ្ទាល់ហើយ ទើបតេមកប្រាប់ថា ឈឺមកមិនបាន អ្នកខ្លះខលមកថា ជាប់ចរាចរណ៍ អ្នកខ្លះថាធ្វើសក់មិនទាន់ អ្នកខ្លះមកយឺតចង់ហួសម៉ោង​ផ្សាយផ្ទាល់ហើយទើបមកដល់»

«បញ្ហាទាំងអស់នេះបងតែងតែអធ្យាស្រ័យ ហើយដោះស្រាយបញ្ហា ចំពោះមុខបានយ៉ាងល្អ ហើយមិនឲ្យប៉ះពាល់ដល់កិត្តិយស តារាចម្រៀងណាម្នាក់ទេ រឿងដែលកើតឡើងកន្លងមកនេះ មិនមែនបងតាំងចិត្តធ្វើជាមិនខឹងនោះទេ តែបងជាមនុស្សអ៊ីចឹង ជួបបញ្ហាបងត្រូវតែដោះស្រាយ បងមិនអង្គុយរអ៊ូទេ ហើយម្យ៉ាងទៀត កន្លងមកបងតែងតែជួយបើកឱកាសឲ្យប្អូនៗទាំងអស់គ្នា គឺមិនដែលបានបិទ ឬបំផ្លាញកិត្តិយសតារាចម្រៀងណាម្នាក់ឡើយ»។ នេះជាការលើកឡើងរបស់​លោក ចា រិទ្ធី​។

លោក ចារិទ្ធីបានបន្ថែមថា «ចំណែករឿងរបស់ប្អូនវិញ សូម្បីមួយម៉ាត់ក៏បងមិនបាននិយាយ ហើយទុកក្នុងចិត្តដែរ តែបងមិនដឹងថាហេតុអ្វីបានជា មានរឿងបែបនេះកើតឡើង ចំពោះប្អូន ឲ្យបងសូមទោស ហើយចូលរួមសោកស្ដាយផង ពីបង ចារិទ្ធី ដែលនៅតែអាណិត និងស្រឡាញ់ប្អួន»

ប្រភពដដែលនេះ បានបន្តថា «តាំងពីប្អូនស្គាល់បងប្រុស ធ្លាប់ចូលរួមការប្រគំតន្ត្រីរបស់បង និង​ធ្លាប់បម្រើការជូនបង៣ខែ (២០១១) ប្អូនមិនដែលឃើញបងស្តីបន្ទោស ដាក់តួទាល់តែសោះ ទាំងតួទៅយឺតម៉ោង មិនបានទៅក្តី ថែមទាំងមិនដែលមានចិត្តគុំកួនជាមួយតួទៀត។ លើសពីនេះថែមទាំងជួយសំរួលដល់តួ និងអាណិតស្រឡាញ់ ជួយដល់តួ​ (តារាសម្តែង និង តារាចម្រៀង) ជាច្រើន ប្អូនសូមឲ្យបងប្រុសជួបតែរឿងល្អៗក្នុងជីវិត»