(ភ្នំពេញ)៖ លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានទម្លាយថា រូបលោកបានផ្លាស់ប្តូរកីឡាករ មួយចំនួន ក្នុងជំនួបទល់នឹងកម្ពុជា ក្នុងវគ្គសន្សំពិន្ទុនៃពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 នៅពហុកីឡដ្ឋានជាតិ នាម៉ោង ១៨៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា។

សម្រាប់ក្រុមជម្រើសជាតិម៉ាឡេស៊ី មានរហស្សនាមថា «Harimau Malaya» ឬបកប្រែថា «ខ្លាកំណាចម៉ាឡេស៊ី»។ ក្រុមនេះមានគ្រូបង្វឹកឈ្មោះ Tan Cheng Hoe សញ្ជាតិម៉ាឡេស៊ី ដែលជាអតីតគ្រូបង្វឹកក្រុម Kedah ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ គ្រូបង្វឹករូបនេះត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីតែងតាំងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ លោកធ្លាប់ជាជំនួយការឈុតម៉ាឡេស៊ី U19, U23 និងជម្រើសជាតិមុនចូលកាន់តំណែងជាគ្រូបង្គោលដល់បច្ចុប្បន្ន។

អ្វីដែលសំខាន់ផងនោះ គ្រូបង្គោលសញ្ជាតិម៉ាឡេស៊ីរូបនេះ បានចូលកាន់តំណែងនេះ ក្រោយ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Eduardo Vingada ចុះចេញពីតំណែងកាលចុងខែធ្នូ ឆ្នាំមុន ដោយសារការដឹកនាំមិនសូវល្អ។

គួរបញ្ជាក់ផងដែរថា ក្នុងសន្និសីទព្រឹកថ្ងៃពុធ ទី០៧ ខែវិច្ឆិកា គ្រូបង្គោលជម្រើសជាតិម៉ាឡេស៊ីបានថ្លែងថា ក្រុមបានផ្លាស់ប្តូរសមាជិកជាង ១០នាក់ឯណោះ។ ប៉ុន្តែយ៉ាងណា លោកជឿជាក់ថា ម៉ាឡេស៊ី នឹងទទួលបានលទ្ធផលវិជ្ជមានមួយសម្រាប់ការប្រកួតបើកឆាកនេះ៕