(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជាបានជូនដំណឹង នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡារាំកម្ពុជា ឆ្នាំ២០១៨ នាថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខនេះ នៅជាន់ទី៤ នៃទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងខាងលើ សហព័ន្ធបានបញ្ជាក់ថា បានកំណត់វិញ្ញាសាចំនួន ៤ សម្រាប់ដាក់ឲ្យកីឡាករ-កីឡាការិនីមកពីក្លឹបនានា ធ្វើការប្រកួតប្រជែង រួមមានវិញ្ញាសាឯកត្តជន Latin, រាំគូ Latin, រាំឯកត្តជន Standart និងរាំគូ Standart។ រីឯការចុះឈ្មោះ សហព័ន្ធនឹងឈប់ទទួលពាក្យចូលរួមត្រឹមថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ។

យ៉ាងណាសហព័ន្ធកីឡារាំកម្ពុជា ក៏បានធ្វើការអំពាវនាវដល់ក្លិបកីឡារាំនានា រួសរាន់ចុះឈ្មោះ និងបញ្ជូនកូនសិស្សរបស់ខ្លួន មកចូលរួមប្រកួតឲ្យបានច្រើនកុះករ ដើម្បីជាការរួមចំណែកជំរុញវិស័យកីឡារាំកម្ពុជាឲ្យកាន់តែរីកចម្រើន។ អ្វីដែលពិសេស កីឡារាំ ក៏ជាប្រភេទកីឡាមួយ ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាចុងឆ្នាំ២០១៩ខាងមុខផងដែរ៕