(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូលA ។ ចាំមើលតើកម្ពុជា ឬម៉ាឡេស៊ី នឹងទទួលបាន ៣ពិន្ទុពីការប្រកួតបើកឆាកនេះ?

លោក Felix គ្រូបង្វឹកក្រុមរហស្សានាមគោព្រៃកម្ពុជា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា ក្រោយធ្លាប់បរាជ័យ ៣-១ ក្រោមថ្វីជើងម៉ាឡេស៊ី ក្នុងជំនួបមិត្តភាព កាលពីខែកញ្ញា កូនក្រុមរៀនសូត្របានច្រើនពីចំណុចខ្វះខាត ហើយក៏កែប្រែបានល្អបប្រសើរផងដែរ ។ ហេតុនេះលោកជឿជាក់ពួកគេ នឹងធ្វើបានល្អ ក្នុងជំនួបផ្លូវការល្ងាចនេះ ដើម្បីប្រជែងពិន្ទុ សម្រាប់ការប្រកួតបើកឆាកលើទឹកដីខ្លួន ។

ចំណែកលោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានបញ្ជាក់ថា នេះគឺជាការប្រកួតផ្លូវការ ហេតុនេះអ្វីៗអាចមានការប្រែប្រួលគ្រប់ពេល មិនមែនដូចកាលពីប្រកួតមិត្តភាពនោះទេ ។ ប៉ុន្ដែអ្វីដែលសំខាត់ គឺលោកបានសង្កត់ធ្ងន់ថា «យើងមកទីនេះ គឺត្រូវការឈ្នះ ។ ចឹងតាមបទពិសោធន៍យើងធ្លាប់ជួបគ្នា យើងនៅតែរំពឹងថា អ្វីដែលយើងចង់បាន នឹងទទួលបានដូចបំណង ក្នុងការប្រកួតជាមួយកម្ពុជា»

គួរបញ្ជាក់ថា សម្រាប់ពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 គឺមាន ៥ប្រទេស រួមមានកម្ពុជា វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ហើយថ្ងៃនេះដែរ ក្រៅពិជំនួបរវាងកម្ពុជា និងម៉ាឡេស៊ី ក៏មានមួយប្រកួតទៀត ធ្វើឡើងនៅលើទឹកដីឡាវផងដែរ ដោយក្រុមម្ចាស់ផ្ទះឡាវ ត្រូវជួបក្រុមជម្រើសជាតិវៀតណាម នាវេលាម៉ោង ៧៖៣០នាទីយប់ ។ ដូច្នេះកុំភ្លេចចាំអ៊ុតទាំងអស់ តើក្រុមណាខ្លះ នឹងរកបាន ៣ពិន្ទុក្នុងការប្រកួតថ្ងៃនេះ?