(ភ្នំពេញ)៖ ក្នុងថ្ងៃបើកសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Félix Agustín Dalmás សង្ឃឹមថា កូនក្រុមខ្លួននឹងលេងស៊ីចង្វាក់គ្នាបានល្អនៅថ្ងៃស្អែកនេះ ដោយក្រុមគោព្រៃកម្ពុជា ប៉ះម៉ាឡេស៊ី វគ្គសន្សំពិន្ទុនៃជំនួបបើកឆាកពានរង្វាន់ AFF Suzuki Cup 2018 នៅពហុកីឡដ្ឋានជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ លោក Tan Cheng Hoe គ្រូបង្វឹកក្រុមម៉ាឡេស៊ីបានឲ្យដឹងថា ក្រុមរបស់លោក នឹងប្តេជ្ញាយក ៣ពិន្ទុដាច់ខាត តាមរយៈក្នុងក្រុមបានផ្លាស់ប្តូរកីឡាករមួយចំនួន ដើម្បីត្រៀមប៉ះកម្ពុជា  ក្នុងជំនួបបើកឆាកពានរង្វាន់ AFF Suzuki Cup 2018 នេះផងដែរ បើទោះបីជាពួកយើងធ្លាប់យកឈ្នះ ៣-១ ម្តងមកហើយក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីខែតុលា។

ជាមួយគ្នា លោក Félix ដែលជាអ្នកដឹកនាំក្រុមគោព្រៃកម្ពុជាក៏បានឲ្យដឹងដែរថា ក្រុមមានពេលហ្វឹកហាត់យូរជាងមុនដើម្បីសម្រួលទម្រង់លេង និងចំណុចខ្វះខាតពីជំនួបមិត្តភាពកន្លងមក ដោយបានចាញ់ក្រុមម៉ាឡេស៊ី ៣-១ ដូច្នេះលោកសង្ឃឹមថា កូនក្រុមនឹងសហការណ៍គ្នាបានល្អលើទីលាន។

សម្រាប់ក្រុមគោព្រៃកម្ពុជា គឺស្ថិតក្នុងពូល A នៃពានរង្វាន់ប្រចាំតំបន់អាស៊ានខាងលើ ជាមួយក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ ចំពោះរូបមន្ដប្រកួតត្រូវបានកំណត់ដោយការចាប់គូ ខណៈក្រុមនីមួយៗសុទ្ធតែទទួលបានសិទ្ធិប្រកួតក្នុងដី ២ប្រកួតដូចៗគ្នា ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕