(ភ្នំពេញ)៖ សម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ នៅពេលបានឃើញ និងឮដំណឹងថា អតីតតារាសម្ដែង ធ្លាប់មានឈ្មោះល្បី និងជាអតីតគូស្នេហ៍របស់លោក ស៊ុក សុភា គឺអ្នកនាង ខៀវ សុខារ៉ាវី បានប្រកាសជាសាធារណៈថា ទីបំផុតនាងបានសម្រេចបំណងរៀបការជាមួយគូ​ស្នេហ៍ ដែលជាអនិកជន​រស់នៅក្រៅប្រទេស​។ ​ក្រោយ​ប្រកាស​​រៀបការ ​នៅសហរដ្ឋអាមេរិក​ជា​សាធារណៈ ឲ្យមហាជន ក៏ដូចជាអ្នកនៅក្នុងចង្កោមសិល្បៈ​បានដឹង មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះ ក៏មានព័ត៌មានលេចឮមកថា ​​អតីត​តារា​សម្តែងស្រី​មុខ​មូល​ក្រឡង់ ខៀវ សុខា​រ៉ាវី នឹងមាន​គម្រោង​ដឹក​ដៃ​ស្វាមី​ ចុះមក​កាត់​​ចំណងដៃ​ នៅ​ស្រុក​ខ្មែរ​ម្តងទៀត​។

យ៉ាងណាមិញ​ថ្មីៗនេះ​ តាមប្រភពព័ត៌មានដែល​ជិតស្និទ្ធនឹង អ្នកនាង ខៀវ សុខារ៉ាវី បាន​បង្ហើបឲ្យដឹង​ថា ​ក្រោយ​រៀបការនៅ​អាមេរិក​រួចរាល់ ខៀវ សុខា​រ៉ាវី មាន​គម្រោង​ដឹក​ដៃ​ស្វាមី ​ចុះមក​កាត់​ចំណងដៃ នៅ​ស្រុក​ខ្មែរ​ជាថ្មី​ម្តងទៀត ​តែ​មិនទាន់​ច្បាស់​ថា​ពេលណា​ទេ​។ ក្នុងនោះ​ក៏មាន​ការជូន​ពរ​ដល់ ខៀវ សុខា​រ៉ាវី ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីព ឲ្យបាន​សមប្រកប​​នៅក្នុងជីវិត​គូ​លើក​នេះផងដែរ​។

គួរបញ្ជាក់ថា ខៀវ សុខា​រ៉ាវី គឺជា​តារា​សម្តែង​មួយរូប ​ដែលធ្លាប់ទទួលបានការគាំទ្រ និងមានកេរ្តិ៍​ឈ្មោះ​​បោះ​សំឡេង​ ប៉ុន្តែនាង​បាន​បាត់​មុខ​ពី​អាជីព​សិល្បៈ ​ក្រោយពី​មានការរំសាយ​ការ រៀប​ការ​ជាមួយ​លោក ស៊ុ​ក សុភា និង​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​នាង ​បាន​ហក់​ចូលក្នុង​ការងារ​​នេះ​ជាថ្មី​ម្តងទៀត​ តែ​ហាក់​មិន​ទទួល​ជោគជ័យ​ឡើយ​។ ដោយឡែកបើងាកមកមើល ពីជីវិតឯកជនរបស់នាងវិញ ត្រូវបានមហាជនដឹងថា នាងធ្លាប់មានគូស្នេហ៍ជាមន្រ្តីមានឋានៈធំម្នាក់ ហើយក៏ទទួលបានចំណងដៃកូនប្រុសមួយផងដែរ ប៉ុន្តែការប្រកាសជាសាធារណៈថា នាងមានស្នេហាថ្មីលើទឹកដីអាមេរិក នៅពេលនេះ គឺបានសេចក្ដីថា ខៀវ សុខា​រ៉ាវី ចែកផ្លូវគ្នាជាមួយនឹងគូ​ស្នេហ៍ចាស់នោះទៅហើយ ទើបហ៊ាន​បើកចំហស្នេហ៍ថ្មីបែបនេះ​៕