(ភ្នំពេញ)៖ លោក នូ សុភេន អ្នកច្នៃសម្លៀកបំពាក់បុរាណ និងជាអនុប្រធាននាយកដ្ឋានផលិតកម្មវិធី ប្រចាំទូរទស្សន៍អប្សរា បានជំរុញឲ្យចូលប្រឡូកផ្នែកសិល្បៈ បុរាណតាំងពីក្មេងតែម្ដង ខណៈដែលមនុស្សច្រើនឡើង ហាក់មិនសូវឲ្យតម្លៃលើសិល្បៈទម្រង់បុរាណ និង រឹតតែមិនចង់ឲ្យដំណក់ឈាមរបស់ខ្លួន ក្លាយជាសិល្បករផ្នែកបុរាណ ដែលត្រូវគេដឹងថា មិនសូវមានចំណូល គ្មានអ្នកលើកស្ទួយ និងមិនមានទីផ្សារក៏ដោយនោះ។

អ្នកច្នៃសម្លៀកបំពាក់បុរាណរូបនេះ បានបញ្ជាក់​ថា បើកូនអ្នកមានសុទ្ធតែចង់ប្រឡូក តែមុខជំនាញរកលុយបាន ចុះមុខជំនាញសិល្បៈបុរាណ តើអ្នកណាអ្នកស្នង ហើយតែអាចឬទេ ដែលសិល្បៈមួយនេះ ត្រូវគេយល់ថា លុះត្រាតែកូនអ្នកអត់ កូនអ្នកគ្មានជម្រើសទើបចូលរៀន នៅសាលាវិចិត្រសិល្បៈ ឬទេ?

លោក នូ សុភេន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «ថ្ងៃដំបូងរបស់កូនស្រី ក្នុងការសិក្សាផ្នែករបាំបុរាណរបស់ជាតិយើង ប៉ាម៉ាក់ជឿ​ថា កូនអាចធ្វើបានគ្រប់យ៉ាង ប៉ាម៉ាក់តែងទន្ទឹងរង់ចាំកូនចម្រើនវ័យគ្រប់ ដើម្បីបានចូលរៀនជំនាញនេះ ជូនពរកូនស្រី បានសម្រចក្តីស្រឡាញ់របស់កូន ដែលជាក្តីស្រមៃដ៏ធំបំផុតរបស់ប៉ា។ ​សំផល​ កន្និដ្ឋារ័ត្ន ជាបេះដូងរបស់ប៉ាម៉ាក់»

លោកបានបន្តទៀតថា ហេតុផលដែលលោកសម្រេចចិត្តឲ្យកូនស្រីចូលសិក្សា លើមុខជំនាញនេះ គឺដើម្បីរួមចំណែកលើកស្ទួយសិល្បៈបុរាណ ហើយលោកកាន់តែមានអារម្មណ៍ សង្វេគដែលមុខវិជ្ជាសិល្បៈបុរាណ នៅក្នុងសាលាវិចិត្រសិល្បៈ ស្ទើរតែគ្មានសិស្សចាប់អារម្មណ៍ ដោយកូនៗអ្នកមានគឺរឹតតែមើលរំលង។ ​ខ្លួនមិនខ្វះលទ្ធភាពឲ្យកូនសិក្សា លើមុខវិជ្ជាល្អៗនោះទេ ប៉ុន្តែបណ្ដាលមកពីស្រឡាញ់ តាំងពីកូនស្រីមិនទាន់គ្រប់អាយុចូលរៀនរបាំបុរាណ និងដោយសារតែចង់ពញាក់អារម្មណ៍ថា មុខវិជ្ជានេះ គឺសំខាន់សម្រាប់ជាតិសាសន៍មួយ ដែលមានវប្បធម៌ផូរផង់ ទើបលោកសម្រេចចិត្តអោយចូលសិក្សា។

​ជាមួយនឹងការសម្រេចចិត្តរបស់លោក ធ្វើឲ្យម្នាក់ៗមានការកោតសរសើរមិនតិចទេ ដោយសារតែលោកត្រូវគេដឹ​ងថា មានលទ្ធភាពគ្រប់ឲ្យកូនសិក្សា លើមុខវិជ្ជាដែលមនុស្សភាគច្រើន និយមហៅថាមុខវិជ្ជាកើបលុយ និងកើបឱកាស ប៉ុន្តែលោកបែរជាបណ្ដុះគំនិត និងជំរុញឲ្យកូនស្រីរបស់ខ្លួនសិក្សា​របាំបុរាណ ទាំងដឹងថា អ្នកជំនាញនេះច្រើននាក់ មិនត្រូវបានទទួលការលើកស្ទួយ និងពុំសូវមានទីផ្សារក៏ដោយ៕