(ស៊ែប៊ី)៖ ក្លឹប Red Star Belgrade របស់ប្រទេសស៊ែប៊ី រកបាន ៣ពិន្ទុលើកដំបូង ក្រោយយកឈ្នះក្រុមភ្ញៀវមកពីអង់គ្លេស Liverpool ដោយលទ្ធផល ២-០ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ ប្រចាំពូល C ជើងទី២ ខណៈ Napoli បានត្រឹមស្មើជាមួយក្លឹប PSG ១-១ នារាត្រីថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

២គ្រាប់របស់ Red Star រកបានដោយកីឡាករ Milan Pavkov នៅនាទីទី២២ និងនាទីទី២៩ ហើយ វាក៏ជាជ័យជម្នះលើកដំបូងដែលមិនធ្លាប់មានរបស់ក្រុមមកពីស៊ែប៊ី ក្នុងវគ្គចែកពូលក្នុង Champions League ចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ UEFA Champions League លើកដំបូងបំផុត កាលឆ្នាំ១៩៩១។

អ្នកចាត់ការទូទៅក្លឹប Liverpool លោក Jurgen Klopp បានយល់ថា ក្រុមរបស់លោកលេងបានយ៉ាងល្អ តែមិនអាចរកគ្រាប់បាល់បានក្នុងជំនួបនេះ ខណៈលោក Vladan Milojevic គ្រូបង្វឹករបស់ Red Star បានរីករាយយ៉ាងខ្លាំង ចំពោះការបំពេញតួនាទីរបស់លោក។

១ប្រកួតទៀតក្នុង C នេះដែរ ក្លឹបអ៊ីតាលី Napoli បន្តឈរលើកំពូលតារាងមាន ៦ពិន្ទុស្មើគ្នាជាមួយ Liverpool ដែលឈរនៅលេខ២ គ្រាដែល PSG មាន ៥ពិន្ទុ និង Red Star មាន ៤ពិន្ទុ។

១ប្រកួតបន្ទាប់ក្នុងវគ្គចែកពូលក្លឹប Red Star Belgrade នឹងបន្តទៅជួបក្លឹប Napoli នៅថ្ងៃទី២៩ ខែវិច្ឆិកា ខណៈ Liverpool ប៉ះ PSG៕