(ភ្នំពេញ)៖​ តារាកំប្លែង និងសម្តែង ដែលជាកូនស្រីសំណព្វចិត្ត លោក សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ គឺកញ្ញា វ៉ាន់ នីឡា ត្រូវបានគេសម្គាល់ឃើញថា ក្រោយ​ពីនាង​បាន​ផ្ដាច់​ពាក្យ ​ជាមួយ​អតីតគូ​ដណ្ដឹង ដែលជាកូនម្ចាស់វង់ល្ខោន ភី សុគន្ធី លោក ផន រង្សី ​រួច​មក​ តារាស្រីវ័យក្មេងរូបនេះ ហាក់បីដូចជា មិនដែលលេចឮព័ត៌មានថា មាន​ទំនាក់​ទំនងស្នេហា ​ជាមួយ​​​​បុរស​ណា​នោះឡើយ ខណៈដែលអតីតគូដណ្ដឹងរបស់នាង បានរកឃើញ​គូ​អនាគតថ្មីទៅហើយ​​។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ​ «Suth Sakareak» ត្រូវ​បាន​គេ​សង្ស័យ​​ថា ​ជា​គូស្នេហ៍​ថ្មី​របស់ នីឡា នោះ​បាន​បង្ហោះ​រូប​ថត ​យ៉ាង​ផ្អែម​ល្ហែម​កៀកកើយជា​​មួយនឹង កញ្ញា វ៉ាន់ នីឡា ដែលរិតតែ​ធ្វើឲ្យប្រិយមិត្តទស្សនិកជន ដាក់ការសង្ស័យ​កាន់តែខ្លាំងថា អ្នកទាំងពីរ​លួចទាក់ទងបង្កាត់ភ្លើងស្នេហ៍​ជាមួយគ្នា​។

យ៉ាងណាមិញ ទោះ​បី​ជារូបថត​ បង្ហាញ​ពី​​សកម្មភាពយ៉ាងស្អិតល្មួត​ របស់​តារាកំប្លែង កញ្ញា វ៉ាន់ នីឡា និង​ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «Suth Sakareak» បង្ហាញ​ភាព​ផ្អែមល្ហែម ​ដូច​គូស្នេហ៍​នឹងគ្នាយ៉ាងណា​​ក្ដី ​ក៏​អ្នក​ទាំង​ពីរ ​​មិន​ធ្លាប់​ទទួល​ស្គាល់​ថា​ជា​ស្នេហា​ឡើយ ពោលគឺបានត្រឹមតែប្រាប់មហាជនថា ជាមិត្តភក្តិស្និទ្ធស្នាលធម្មតាៗប៉ុណ្ណោះ។

ទន្ទឹមគ្នានេះដែរ​កន្លង​មក​កូន​ស្រី តាវ៉ិចទ័រ រូប​នេះ​ បានបញ្ជាក់​ក៏ដូចជាអះអាងជារឿយៗ​ថា​ ​ទំនាក់​ទំនង​​ខ្លួន​ និង​​បុរស​ដែល​សង្ស័យថា ជាគូស្នេហ៍ខាង​លើ​ គឺស្ថិតក្នុង​នាមជា​មិត្តភក្ដិ នឹងគ្នាតែប៉ុណ្ណោះ ខណៈដែល​គ្រប់​ពេល​មាន​កម្មវិធី​តូច​ធំ​ ឬ​ដំណើរ​កម្សាន្ត​អ្វី​មួយ​ អ្នក​ទាំង​ពីរ​​តែង​តែ​ទៅ​ជាមួយ​គ្នា​ ព្រមទាំងថត​រូបកៀកកើយគ្នា យ៉ាងស្អិតល្មួត ស្ទើរដូចស្រមោចនិងស្ករ ដែលអាចជាចេតនា​បញ្ជាក់​យ៉ាងច្បាស់ថា លើសពីមិត្តភាព។ ​

គួរកត់សម្គាល់ថា តារាកំប្លែងកញ្ញា វ៉ាន់ នីឡា បច្ចុប្បន្នមិនត្រឹមមានឱកាសការងារ​ច្រើន ពីអាជីពសិល្បៈដូចជា លេងកំប្លែង និងសម្តែងរឿងប៉ុណ្ណោះទេ គឺនាងក៏ជាតារាស្រី ដែលកំពុងស្ថិត​នៅក្នុងក្រសែភ្នែករបស់មហាជន តាមរយៈរូបសម្ផស្ស ដ៏ស្រស់សោភា និងជាទីគយគន់ពីក្រុមហ្វូងកន្លង់ ជាបុរសៗជាច្រើនទៀតផង ប្រសិនបើបេះដូងរបស់នាង នៅទទេស្អាត មិនជាប់ជំពាក់វាក់វិន ជាមួយ​បុរសណាម្នាក់មែននោះ៕