(ភ្នំពេញ)៖ គុនខ្មែរកីឡាករ កែវ រំចង់ នឹងចេញទៅប្រកួតនៅប្រទេសថៃសាជាថ្មីម្តងទៀតនៅក្នុងកម្មវិធីប្រដាល់លំដាប់កំពូល Thai Fight ដែលអាចនឹងតតាំងជាមួយជើងខ្លាំងថៃ កីឡាករ សែន ស្ថាន និងកីឡាករបរទេស ២នាក់ផ្សេងទៀត ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នាខេត្តសារៈបុរី។

កែវ រំចង់ បានខកខានការប្រកួតនៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ ក្រោយពីបានផ្ទួលកីឡាករជើងខ្លាំង អ៊ី ខ្យួសាំង និងកីឡាកររបស់ភូមា ក្នុងកម្មវីធីដ៏ល្បីល្បាញមួយនេះនាពេលកន្លងមក។

រំចង់ បានប្រាប់ថា រូបគេមិនទាន់ដឹងថា ត្រូវប៉ះកីឡាកររូបណាមុនទេ ព្រោះរង់ចាំការចាប់ឆ្នោតជាមុនសិន ហើយក្នុងការប្រកួតត្រូវតែប្រកួតវិលជុំលើប្រភេទទម្ងន់ ៧១គីឡូក្រាម ដោយអ្នកឈ្នះក្នុងការប្រកួតវិញជុំខាងលើ នឹងបន្តទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨៕